ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈថា លោកស្រី នឹងស្នើកំណែទម្រង់រដ្ឋធម្មនុញ្ញ ក្នុងគោលបំណងការពារបន្ថែមទៀតនូវអធិបតេយ្យភាពជាតិរបស់ប្រទេសម៉ិកស៊ិក បន្ទាប់ពីសហរដ្ឋអាមេរិក បានចាត់ទុកក្រុមឧក្រិដ្ឋជនម៉ិកស៊ិក ថាជាអង្គការភេរវកម្មបរទេស។

លោកស្រី Sheinbaum បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «ប្រជាជនម៉ិកស៊ិក នឹងមិនស្ថិតក្រោមកាលៈទេសៈណាមួយដែលទទួលយកការធ្វើអន្តរាគមន៍ ការឈ្លានពាន ឬសកម្មភាពផ្សេងៗទៀតពីបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់បូរណភាព ឯករាជ្យភាព ឬអធិបតេយ្យភាពរបស់ប្រទេស រួមទាំងការបំពានលើទឹកដីរបស់ប្រទេសម៉ិកស៊ិក ទាំងដីគោក សមុទ្រ ឬអាកាស។

សហរដ្ឋអាមេរិក បានកំណត់ក្រុម Sinaloa Cartel និងក្រុមជួញដូរមនុស្សនិងគ្រឿងញៀនម៉ិកស៊ិកផ្សេងទៀត ជាអង្គការភេរវកម្មពិភពលោក ជាចំណាត់ការដែលធ្វើឡើងខណៈមានការព្រួយបារម្ភកើនឡើង ក្នុងចំណោមមន្ត្រីរបស់ប្ររទេសម៉ិកស៊ិកមួយចំនួនដែលថាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ប្រហែលជាកំពុងរៀបចំឆាកដើម្បីចាត់វិធានការយោធាជាឯកតោភាគីនៅក្នុងប្រទេសម៉ិកស៊ិក។
ការកំណត់នេះ មានហានិភ័យធ្វើឱ្យអាជីវកម្មអន្តរជាតិមានភាពស្មុគស្មាញនៅក្នុងប្រទេសម៉ិកស៊ិក រួមទាំងប្រតិបត្តិការរបស់ក្រុមហ៊ុនអាមេរិកផងដែរ។

វាក៏អាចផ្លាស់ប្តូរទិដ្ឋភាពផ្លូវច្បាប់សម្រាប់ការទាមទារសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ដែលធ្វើឱ្យប៉ះពាល់ដល់ជនអន្តោប្រវេសន៍ជាអ្នកត្រូវបានបង្ខំឱ្យបង់ប្រាក់ជំរិតទារប្រាក់ ឬប្រាក់លោះដល់ក្រុមជួញដូរ ដោយសារពួកគេអាចត្រូវបានចោទប្រកាន់ពីបទគាំទ្រអង្គការភេរវកម្ម។