រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសសេដ្ឋកិច្ចទាំង២០ ឬG20 បានចាប់ផ្តើមកិច្ចប្រជុំនៅប្រទេសអាហ្វ្រិកខាងត្បូង។ ប៉ុន្តែអ្នកការទូតជាន់ខ្ពស់របស់អាមេរិក អវត្តមានក្នុងពេលមានទំនាក់ទំនងដ៏តានតឹង រវាងប្រទេសរបស់លោក និងប្រទេសម្ចាស់ផ្ទះ។

ប្រធានាធិបតីប្រទេសអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បាននិយាយទៅកាន់កិច្ចប្រជុំរយៈពេលពីរថ្ងៃ ដែលបានចាប់ផ្តើមនៅទីក្រុង Johannesburg កាលពីថ្ងៃព្រហស្បតិ៍ ដោយលោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការជួបប្រជុំលើកដំបូងនៅអាហ្វ្រិក ក្រោមក្របខណ្ឌ G20។

លោក Ramaphosa បានចាត់ទុកកិច្ចប្រជុំនេះថា «ជាឱកាសដ៏ល្អមួយ ដើម្បីធ្វើឲ្យប្រសើរកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងរវាងប្រជាជាតិអាហ្វ្រិក និងពិភពលោកទាំងមូល»។ ប៉ុន្តែលោក បាននិយាយបន្ថែមថា «ភាពតានតឹងភូមិសាស្ត្រនយោបាយ ការកើនឡើងភាពមិនចេះអត់ឱន ជម្លោះនិងសង្រ្គាម បម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាត ថាមពល និងអសន្តិសុខស្បៀង បានគំរាមកំហែងដល់ការរួមរស់ជាមួយគ្នាជាសកលដ៏ផុយស្រួយរួចទៅហើយ»។

អ្នកចូលរួមនៅក្នុងកិច្ចប្រជុំ រួមមានទាំងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Iwaya Takeshi ព្រមទាំងសមភាគីចិន លោក Wang Yi និងរុស្ស៊ី លោក Sergey Lavrov។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានសម្រេចចិត្តមិនចូលរួមកិច្ចប្រជុំនេះ ដោយកាលពីខែមុន បានរិះគន់ចំពោះច្បាប់ដីធ្លីដែលបានអនុម័តនៅអាហ្វ្រិកខាងត្បូង ។