មន្ត្រីជាន់ខ្ពស់យោធារុស្ស៊ី និយាយថា ខ្លួនបានដណ្តើមយកមកវិញទឹកដីជាង៦០ភាគរយ នៃតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី ដែលចូលកាន់កាប់ដោយអ៊ុយក្រែន។

លោក Sergei Rudskoi ប្រធានផ្នែកប្រតិបត្តិការសំខាន់បានផ្តល់បទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។ លោក Rudskoi និយាយថា កងកម្លាំងរុស្ស៊ី បានដណ្តើមយកមកវិញផ្ទៃដីជាង ៨០០ គីឡូម៉ែត្រក្រឡា ឬប្រហែល៦៤ភាគរយនៃទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន នៅតំបន់ Kursk ។ យោធាអ៊ុយក្រែន បានចូលវាយលុកឆ្លងព្រំដែន ចូលទៅក្នុងតំបន់ Kursk ចាប់តាំងពីខែសីហា ឆ្នាំកន្លងទៅ។

លោក Rudskoi ក៏បានពិភាក្សាអំពីស្ថានភាពនៅក្នុងតំបន់ចំនួនបួនរបស់អ៊ុយក្រែនដែលរុស្ស៊ីបានអះអាងថាបានដាក់បញ្ចូលជាឧបសម្ព័ន្ធក្នុងឆ្នាំ២០២២។ មន្ត្រីរូបនេះ និយាយថា កងកម្លាំងរុស្ស៊ីបានបោសសម្អាត «អ្នកជាតិនិយមអ៊ុយក្រែន» ឲ្យចេញពីតំបន់ប្រហែល៧៥ភាគរយនៅតំបន់ Donetsk, Zaporizhzhia និងទីក្រុង Kherson។
លោក Rudskoi និយាយថា អ៊ុយក្រែនបានបាត់បង់សមត្ថភាពផលិតអាវុធ សម្ភារៈ និងគ្រាប់រំសេវចាំបាច់ យ៉ាងច្រើន ហើយប្រទេសនេះក៏ពុំអាចប៉ះប៉ូវការខាតបង់ខ្ពស់របស់ខ្លួនតាមរយៈការកែណ្ឌកងទ័ពផងដែរ។ លោក Rudskoi បានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងពុំអាចផ្លាស់ប្តូរខ្លាំងលើស្ថានភាពនៅសមរភូមិមុខបានទៀតទេ។