បុគ្គលិកជំនួយ និងអ្នកជំនាញសុខភាពពិភពលោកបានព្រមានថា ការរុះរើទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ឬហៅថាអង្គការ USAID និងការផ្អាកផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងសុខភាពសាធារណៈជាសកលនៃជំងឺអុតស្វា ឬហៅថា Mpox របស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump បានបង្កហានិភ័យខ្ពស់ក្នុងការជំរុញឱ្យវីរុសនេះក្លាយជាគ្រាអាសន្នសកលលោកកាន់តែទូលំទូលាយ។

លោក Stephen Morse សាស្ត្រាចារ្យផ្នែករោគរាតត្បាតនៅសាកលវិទ្យាល័យ Columbia ដែលផ្តោតលើការវាយតម្លៃហានិភ័យនៃជំងឺឆ្លង បាននិយាយថា "នេះជាកំហុសពិតប្រាកដមួយ ដែលមិនប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីគ្រប់គ្រងបញ្ហានេះ"។

អង្គការសុខភាពពិភពលោក (WHO) កាលពីខែសីហា ឆ្នាំមុន បានប្រកាសថា វីរុសអុតស្វា ជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈ និងជាក្ដីបារម្ភអន្តរជាតិ ខណៈករណីឆ្លងបានកើនឡើងខ្លាំងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយបានរីករាលដាលដល់ប្រទេសជិតខាងក្នុងទ្វីបអាហ្វ្រិក។

USAID បាននិងកំពុងធ្វើការដើម្បីទប់ស្កាត់មេរោគនេះតាមរយៈការចាក់វ៉ាក់សាំង ការធ្វើតេស្ត និងកិច្ចខិតខំប្រឹងប្រែងតាមដាន ប៉ុន្តែបុគ្គលិក USAID និយាយថា កញ្ចប់ថវិកាក្នុងប្រតិបត្តិការនេះមិនត្រូវបានបញ្ចេញអស់ទេ ហើយឥឡូវនេះ ត្រូវបានបង្កកក្រោមបទបញ្ជារបស់រដ្ឋបាលអាមេរិក ក្នុងការបញ្ឈប់ជំនួយមនុស្សធម៌ស្ទើរតែទាំងអស់៕