ក្រុមហាម៉ាស កាលពីថ្ងៃព្រហស្បតិ៍ (២០ កុម្ភៈ) បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថាបាន "ពន្យារពេល និងបង្កភាពជាប់គាំង" លើកិច្ចចរចាសម្រាប់ដំណាក់កាលទីពីរនៃបទឈប់បាញ់ដ៏ផុយស្រួយនៅតំបន់ហ្កាហ្សា បន្ទាប់ពីប៉ាឡេស្ទីន បានប្រគល់សាកសពចំណាប់ថ្នូរ ៤នាក់ ទៅឱ្យអ៊ីស្រាអែលវិញ។

លោក Abdul Latif Al-Qanou អ្នកនាំពាក្យក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការចរចាដំណាក់កាលទីពីរ មិនទាន់ចាប់ផ្តើមជាក់ស្ដែងទេ ហើយក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយអ៊ីស្រាអែល ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀង" ប៉ុន្តែលោក Netanyahu កំពុងពន្យារពេល ដែលធ្វើឱ្យកិច្ចចរចាដំណាក់កាលទីពីរជាប់គាំង។

បទឈប់បាញ់ដំណាក់កាលទីមួយដ៏ផុយស្រួយបានចូលជាធរមាននៅថ្ងៃទី១៩ ខែមករា បន្ទាប់ពីការប្រយុទ្ធគ្នាជាង ១៥ខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបង្កឡើងដោយការវាយប្រហារថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមប៉ាឡេស្ទីនមួយនេះ ទៅលើអ៊ីស្រាអែល។

លក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ៣ដំណាក់កាលដែលកំពុងអនុវត្តដំណាក់កាលដំបូង ៦សប្តាហ៍ បានចែងថា អ៊ីស្រាអែល ត្រូវចាប់ផ្តើមកិច្ចចរចាលើដំណាក់កាលទីពីរនៃបទឈប់បាញ់ ជាមួយក្រុមហាម៉ាស នៅថ្ងៃទី០៣ ខែកុម្ភៈ៕