សមាជិកសម្ព័ន្ធយោធាណាតូ បានបន្តការហ្វឹកហ្វឺនប្រយុទ្ធដ៏ធំបំផុតរបស់ពួកគេក្នុងឆ្នាំ២០២៥ នៅថ្ងៃពុធសប្ដាហ៍នេះ ដោយបានសាកល្បងសមត្ថភាពរបស់ខ្លួនក្នុងការដាក់ពង្រាយកងកម្លាំងទ្រង់ទ្រាយធំឆាប់រហ័ស នៅតាមព្រំដែនភាគខាងកើតរបស់សម្ព័ន្ធយោធា ៣២ប្រទេសនេះ ខណៈក្ដីបារម្ភកើនឡើងខ្លាំងចំពោះជំហរងាករេរបស់សមាជិកដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនគឺសហរដ្ឋអាមេរិក។

សមយុទ្ធនៅរូម៉ានី ដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន បានកើតឡើង ខណៈអឺរ៉ុបដ៏រង្គោះរង្គើ កំពុងតែទប់ទល់នឹងអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានទាមទារឱ្យសម្ព័ន្ធមិត្តបង្កើនការចំណាយយោធាយ៉ាងខ្លាំង ហើយព្រមានថា អាទិភាពសន្តិសុខរបស់អាមេរិកកំពុងស្ថិតនៅកន្លែងផ្សេង ដែលនេះបានបង្កើនការសង្ស័យលើការធានាសន្តិសុខយូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអឺរ៉ុប។

នៅមុនថ្ងៃគម្រប់ខួបលើកទី៣ នៃប្រតិបត្តិការយោធារុស្ស៊ី លើអ៊ុយក្រែន សមយុទ្ធឈ្មោះថា "ព្រួញដ៏រឹងមាំ" ឬជាភាសាអង់គ្លេសថា Steadfast Dart មានបុគ្គលិកយោធាប្រហែល ១០.០០០នាក់ មកពីប្រទេសចំនួន៩ ដែលជាផ្នែកមួយនៃកងកម្លាំងសម្ព័ន្ធមិត្តថ្មីរបស់ណាតូ។ ការហាត់សមទាំងនោះកំពុងប្រព្រឹត្តទៅជាង ៦សប្តាហ៍ក្នុងប្រទេសរ៉ូម៉ានី ប៊ុលហ្គារី និងក្រិក។

ទោះបីជារដ្ឋបាលលោក Trump មិនបានប្រកាសពីផែនការដកកងកម្លាំងអាមេរិកចេញពីតំបន់ក៏ដោយ ប៉ុន្តែការលើកឡើងរបស់លោក Hegseth ថា "សម្ព័ន្ធមិត្តអឺរ៉ុបត្រូវតែនាំមុខ" បានធ្វើឱ្យដៃគូណាតូ ពិចារណាពីការពិតដ៏គួរឱ្យភ័យខ្លាចថា អាមេរិកមិនមែនជាអ្នកការពារសន្តិសុខឱ្យទ្វីបនេះទៀតទេ៕