សម្ព័ន្ធអារ៉ាប់ (AL) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃព្រហស្បតិ៍ ខ្លួនបានព្រមានប្រឆាំងនឹងវិធានការណាមួយ ដែលអាចប៉ះពាល់ដល់ការរួបរួមរបស់ប្រទេសស៊ូដង់ ឬធ្វើឲ្យប្រទេសនេះបែកបាក់ ក្រោមលេសណាមួយនោះ។

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់សម្ព័ន្ធអារ៉ាប់ ដើម្បីដោះស្រាយវិបត្តិស៊ូដង់ ដែលផ្អែកលើការរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ូដង់ និងរក្សាបណ្តាស្ថាប័នជាតិរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មាន SUNA ផ្លូវការរបស់ប្រទេសស៊ូដង់ បានរាយការណ៍ថា ប្រទេសនេះ បានកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតរបស់ខ្លួន ពីប្រទេសកេនយ៉ា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រឆាំងនឹងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរបស់ទីក្រុងណៃរ៉ូប៊ី ដែលពាក់ព័ន្ធនឹងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស(RSF) និងកងកម្លាំងនយោបាយសម្ព័ន្ធមិត្ត។
ក្រុមប្រឆាំងរបស់ស៊ូដង់ ក្នុងនោះមានកងកម្លាំង RSF បានធ្វើកិច្ចពិភាក្សា នៅទីក្រុងណៃរ៉ូប៊ី កាលពីថ្ងៃអង្គារ ដើម្បីចុះហត្ថលេខាលើកតិកាសញ្ញានយោបាយ ដែលអ្នកវិភាគរំពឹងថា អាចនាំទៅរកការបង្កើតរចនាសម្ព័ន្ធរដ្ឋបាលជំនួសមួយ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយកងកម្លាំង RSF នៅក្នុងប្រទេសនេះ។
កងកម្លាំង RSF បានធ្វើសង្រ្គាមជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់អស់រយៈពេលជិត ២ឆ្នាំ មកហើយ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន និងមនុស្សរាប់លានត្រូវបានផ្លាស់ទីលំនៅ។