អាជ្ញាធរអាកាសយានដ្ឋានអ៊ីស្រាអែល (IAA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្រកព្រំដែនផ្លូវការរវាងតំបន់វេសបែង( West Bank) និងហ្ស៊កដានី ត្រូវបានបិទ កាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែទណ្ឌកម្មដាក់ដោយបុគ្គលិកគ្រប់គ្រងព្រំដែននៃអាជ្ញាធរប្រជាជន និងអន្តោប្រវេសន៍អ៊ីស្រាអែល (PIBA)។

យោងតាមសេចក្តីថ្លែងការណ៍របស់សហជីពនិយោជិតរដ្ឋរបស់អ៊ីស្រាអែល បានឲ្យដឹងថា៖«ហានិភ័យសន្តិសុខដែលអូសបន្លាយយ៉ាងពិតប្រាកដសម្រាប់បុគ្គលិកគ្រប់គ្រងព្រំដែន ដោយសារតែកង្វះវត្តមានសន្តិសុខ នៅកន្លែងនោះ» បានជំរុញឲ្យមានការបិទច្រកឆ្លងកាត់នេះ។

សហជីពបាននិយាយថា៖«ជាអកុសល ពួកយើងបានឃើញការវាយប្រហារភេរវកម្ម ដែលកម្មករ ៣នាក់ត្រូវបានសម្លាប់ ប៉ុន្តែវាមិននាំឲ្យមានការផ្លាស់ប្តូរអ្វីធំដុំទេ ទោះបីជាមានការទាមទារម្តងហើយម្តងទៀតរបស់យើងក៏ដោយ» ដោយជំរុញឲ្យអាជ្ញាធរប្រជាជន និងអន្តោប្រវេសន៍អ៊ីស្រាអែល (PIBA) ចាត់វិធានការឲ្យបានឆាប់រហ័ស និងស្វែងរកដំណោះស្រាយភ្លាមៗ ចំពោះស្ថានភាពបែបនេះ។
លោក Yaniv Levi អ្នកនាំពាក្យនៃសហព័ន្ធការងារទូទៅរបស់អ៊ីស្រាអែល បានប្រាប់សារព័ត៌មាន ស៊ីនហួ ថា បុគ្គលិកត្រួតពិនិត្យព្រំដែន ត្រូវបានគេរំពឹងថា នឹងត្រឡប់ទៅធ្វើការវិញ នៅថ្ងៃសុក្រនេះ ប្រសិនបើមិនមានសេចក្តីសម្រេចថ្មីណាមួយនោះទេ។