ប្រទេសចិនបានថ្កោលទោសការកែប្រែដែលធ្វើឡើងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ចំពោះឯកសាររបស់ខ្លួន ស្តីពីប្រទេស នៅតំបន់អាស៊ី ដោយពណ៌នាអំពីការធ្វើបច្ចុប្បន្នភាព ដែលរិះគន់ការអនុវត្តសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងថា ជាការបំភ្លៃការពិត។
កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែកុម្ភៈ) អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានហៅភាសាថ្មីនេះថា ជា «ការវាយប្រហារ» លើគោលនយោបាយអន្តរជាតិរបស់ប្រទេសចិន ដោយនិយាយថា ឯកសារនេះបានផ្ដោតលើគំនិត «ប្រកួតប្រជែងជាយុទ្ធសាស្ត្រចិន-អាមេរិក» ជាជាងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ។
លោក Jiakun បាននិយាយថា៖ «យើងមានការខកចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់» ហើយលោកបានបន្ថែមសារទៅកាន់ក្រុងវ៉ាស៊ីនតោនថា៖ «សូមឈប់បំភាន់ប្រជាជនអាមេរិក និងសហគមន៍អន្តរជាតិ។ បញ្ឈប់ការលាបពណ៌ និងដាក់សម្ពាធលើប្រទេសចិន»។

សូមបញ្ជាក់ថា គេហទំព័ររបស់ក្រសួង ត្រូវបានធ្វើបច្ចុប្បន្នភាព កាលថ្ងៃទី១៣ ខែកុម្ភៈ ហើយឥឡូវនេះ រួមបញ្ចូលផ្នែកបន្ថែមលើទំនាក់ទំនងសេដ្ឋកិច្ច ដែលសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រឆាំងនឹងការប៉ុនប៉ងរបស់ទីក្រុងប៉េកាំង ដើម្បីទទួលបានបច្ចេកវិទ្យាអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា អង្គភាពតែងតែធ្វើបច្ចុប្បន្នភាពគេហទំព័រ និងឯកសាររបស់ខ្លួន ដោយបន្ថែមថា សហរដ្ឋអាមេរិក «នៅតែប្តេជ្ញាចិត្ត ចំពោះគោលនយោបាយចិនតែមួយ»។
គេហទំព័រ ស្ដីពីប្រទេសចិន ហាក់ដូចជាបានកែប្រែនៅថ្ងៃតែមួយដែលឯកសាររបស់ក្រសួងការបរទេស ស្តីពីកោះតៃវ៉ាន់ ត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីដកចេញនូវឃ្លាប្រយោគដែលសហរដ្ឋអាមេរិក «មិនគាំទ្រឯករាជ្យរបស់កោះតៃវ៉ាន់» ជាឃ្លាមួយដែលទីក្រុងប៉េកាំងតែងតែទាមទារឲ្យមានការយល់ស្របពីប្រទេសនានាមានទំនាក់ទំនងការទូតជាមួយ៕

