មេដឹកនាំក្រុមអភិរក្សនិយមរបស់ប្រទេសអាល្លឺម៉ង់ លោក Friedrich Merz កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែកុម្ភៈ) បានលើកឡើងថា សហរដ្ឋអាមេរិកប្រឈមនឹងហានិភ័យ ក្នុងការធ្លាក់ចូលទៅក្នុងអស្ថិរភាពបែបផ្តាច់ការរយៈពេលយូរ ដោយបានសង្ស័យពីវត្តមានរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងខួបលើកទី៧០ របស់អង្គការណាតូ (NATO) នៅអាល្លឺម៉ង់ ក្នុងខែឧសភា។
រដ្ឋាភិបាលជិតផុតអាណត្តិរបស់អធិការបតី លោក Olaf Scholz និងអ្នកដែលទំនងជាអាចបានស្នងតំណែង លោក Merz ភាគច្រើនបានចៀសវាងការរិះគន់ជាសាធារណៈដោយផ្ទាល់ទៅលើរដ្ឋបាលទើបបានរយៈពេលមួយខែរបស់ប្រធានាធិបតី លោក Donald Trump។ ប៉ុន្តែការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អាមេរិក ពាក់ព័ន្ធនឹងអង្គការណាតូ និងការនិយាយដោយសេរី នៅអឺរ៉ុប កាលពីសប្តាហ៍មុន ត្រូវបានថ្កោលទោសដោយទីក្រុងប៊ែរឡាំង។

លោក Merz គឺជាបេក្ខជនតំណែងអធិការបតី សម្រាប់សម្ព័ន្ធគណបក្សអភិរក្សនិយមចំនួន ២ (CDU/CSU) ដែលកំពុងនាំមុខការស្ទង់មតិ នៅមុនការបោះឆ្នោតសហព័ន្ធមុនអាណត្តិ នាថ្ងៃអាទិត្យ។
នៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយ នាទីក្រុង Darmstadt លោក Merz បាននិយាយថា៖ «ខ្ញុំសង្ឃឹមថា ប្រទេសនេះ (សហរដ្ឋអាមេរិក) នៅតែប្រកាន់លទ្ធិប្រជាធិបតេយ្យ ហើយមិនធ្លាក់ចូលទៅក្នុងប្រព័ន្ធប្រជានិយមបែបផ្តាច់ការ»។
លោកបានបន្ថែមថា ប្រសិនបើសហរដ្ឋអាមេរិកនៅតែប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ នោះវានឹងត្រូវការដៃគូ ព្រោះមានតែប្រព័ន្ធបែបផ្ដាច់ការទេដែលដំណើរការតែម្នាក់ឯង។ យ៉ាងណាក្ដី លោកបានសង្កត់ធ្ងន់ថា៖ «ប៉ុន្តែវាប្រហែលជាថា អាមេរិកនឹងធ្លាក់ចូលទៅក្នុងអស្ថិរភាពរយៈពេលយូរ ហើយថា ប្រជានិយមនេះ ពោលគឺឥរិយាបទបែបផ្ដាច់ការរបស់ប្រមុខរដ្ឋ នឹងបន្តមានក្នុងរយៈពេលដ៏យូរជាងនេះ» ហើយលោកបានអំពាវនាវឲ្យអាល្លឺម៉ង់ និងអឺរ៉ុប ប្រឹងប្រែងការពារខ្លួនឯង៕

