នៅពេលដែលលោកប្រធានាធិបតី Donald Trump អង្គុយទទួលទានអាហារថ្ងៃត្រង់ជាមួយសមភាគីជប៉ុនរបស់លោក ក្នុងខែនេះ ការពិភាក្សាបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សទៅកាន់របៀបដែលទីក្រុងតូក្យូ អាចជួយឲ្យសម្រេចបាននូវសំណើជាច្រើនទសវត្សរ៍មកហើយ ដើម្បីទាញយកឧស្ម័ន នៅរដ្ឋអាឡាស្កា ហើយបញ្ជូនវាទៅឲ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅអាស៊ី។
មន្ត្រី ២រូប បានសង្ខេបប្រាប់ពីកិច្ចពិភាក្សាបិទទ្វារនេះថា លោក Trump និងទីប្រឹក្សាថាមពលរបស់លោក Doug Burgum បានបង្ហាញនូវគម្រោងនេះ ជាមធ្យោបាយមួយ ដើម្បីឲ្យប្រទេសជប៉ុនជំនួសការដឹកជញ្ជូនថាមពល ពីបណ្ដាប្រទេស នៅតំបន់មជ្ឈិមបូព៌ា និងដោះស្រាយអតុល្យភាពពាណិជ្ជកម្មរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ដែលមានបំណងចង់ធានាឲ្យមានកិច្ចប្រជុំលើកដំបូងទទួលបានផលជាវិជ្ជមាន និងទប់ស្កាត់ផលប៉ះពាល់ពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក បានកត់សម្គាល់ដោយសុទិដ្ឋិនិយម អំពីគម្រោង Alaska LNG ទោះបីជាទីក្រុងតូក្យូមិនទាន់មានភាពច្បាស់លាស់ អំពីលទ្ធភាពនៃការទទួលបានជោគជ័យក៏ដោយ។
ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃកិច្ចពិភាក្សានេះ មន្ត្រីទាំងនោះ បានបន្ថែមថា លោក Ishiba បានប្រាប់លោក Trump និងលោក Burgum ថា លោកសង្ឃឹមថា ប្រទេសជប៉ុនអាចចូលរួមក្នុងគម្រោងដែលមានតម្លៃ ៤៤ពាន់លានដុល្លារនេះ៕