បេសកកម្មគាំទ្ររបស់UN នៅក្នុងប្រទេសលីប៊ី (UNSMIL) បាននិយាយថា បេសកជនថ្មីរបស់អង្គការសហប្រជាជាតិប្រចាំនៅលីប៊ីកាលពីថ្ងៃព្រហស្បតិ៍ បានសន្យាថា នឹង បន្តកិច្ច ប្រឹងប្រែង ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាព» នៅក្នុងប្រទេសដែលបែកបាក់នេះ។
UNSMIL បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី Hanna Serwaa Tetteh អតីតសមាជិកសភា និងជារដ្ឋមន្ត្រីមកពីប្រទេសហុងគ្រី បាននិយាយ នៅពេលលោកស្រី ចូលកាន់តួនាទី នៅទីក្រុងទ្រីប៉ូលីថា ភារកិច្ចរបស់ខ្លួន «នឹងមិនងាយស្រួលទេ» ហើយបានអំពាវនាវឲ្យ «ធ្វើការជាមួយគ្នា»។
ប្រទេសលីប៊ី បានតស៊ូដើម្បីងើបឡើងវិញពីភាពចលាចល ដែលកើតឡើងបន្ទាប់ពីការបះបោរគាំទ្រដោយអង្គការណាតូឆ្នាំ ២០១១ ដែលបានផ្តួលរំលំមេដឹកនាំកាន់អំណាចដ៏យូរលោក Muammar Qaddafi។
ប្រទេស នៅតែបែកគ្នារវាងរដ្ឋាភិបាលដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ នៅទីក្រុងទ្រីប៉ូលី និងអាជ្ញាធរគូប្រជែងនៅភាគខាងកើត ដែលគាំទ្រដោយបុរសខ្លាំងផ្នែកយោធា លោក Khalifa Haftar ។
លោកស្រី Tetteh ត្រូវបានតែងតាំងកាលពីខែមុន ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) ជាអ្នកតំណាងពិសេសរបស់លោក និងជាប្រធាន UNSMIL ជំនួសតំណែងលោក Abdoulaye Bathily ដែលជាជនជាតិសេណេហ្គាល់ ដែលបានលាលែងពីតំណែងកាលពីខែមេសា ឆ្នាំ ២០២៤ ។
លោកស្រី ត្រូវបានតែងតាំងជាតំណាងពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់ញកអាហ្វ្រិក ( Horn of Africa) ក្នុងឆ្នាំ ២០២២ និងជាមន្ត្រីទី ១០ ដែលកាន់តួនាទីនេះ នៅប្រទេសលីប៊ី ចាប់តាំងពីឆ្នាំ ២០១១។