រដ្ឋាភិបាលរបស់ប្រទេសកូស្តារីកាបានទទួលក្រុមដំបូងនៃជនអន្តោប្រវេសន៍អាស៊ីភាគច្រើន ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែកុម្ភៈ) ជាផ្នែកនៃកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងការទទួលឲ្យស្នាក់នៅបណ្តោះអាសន្នរហូតដល់ ២០០នាក់ ដែលត្រូវបាននិរទេសមកពីប្រទេសផ្សេងទៀត។
គួរបញ្ជាក់ថា ការនិរទេស គឺជាផ្នែកមួយនៃការបង្រ្កាបរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើជនអន្តោប្រវេសន៍ខុសច្បាប់ ដែលរួមបញ្ចូលទាំងការកើនឡើងនូវជើងហោះហើរទៅកាន់ប្រទេសដែលសហការជាមួយលោក ជុំវិញដំណើរការធ្វើមាតុភូមិនិវត្តន៍ពហុជាតិសាសន៍។

ក្រុមចុងក្រោយនៃជនអន្តោប្រវេសន៍ដែលត្រូវបាននិរទេស ត្រូវបានហោះហើរពីទីក្រុង San Diego ទៅកាន់រដ្ឋធានី San Jose របស់ប្រទេសកូស្តារីកា ជាកន្លែងដែលពួកគេត្រូវបានបញ្ជូនតាមរថយន្តក្រុងទៅកាន់ជម្រកជនអន្តោប្រវេសន៍នៅជិតព្រំដែនជាមួយប្រទេសប៉ាណាម៉ា។
អនុរដ្ឋមន្ត្រីសន្តិសុខ លោក Omer Badilla បានប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋាន San Jose ថា ជនអន្តោប្រវេសន៍ នឹងត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសកូស្តារីការយៈពេលមួយខែ ក្នុងអំឡុងពេលនោះ ក្រុមមន្ត្រីនឹងសម្របសម្រួលការវិលត្រលប់ដោយស្ម័គ្រចិត្តរបស់ពួកគេទៅកាន់ប្រទេសកំណើត៕

