ការិយាល័យនាយករដ្ឋមន្ត្រី បានឲ្យដឹងថា អំឡុងការជជែកគ្នាតាមទូរសព្ទ កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែកុម្ភៈ) នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានសង្កត់ធ្ងន់ថា រាល់កិច្ចចរចាដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ត្រូវតែរួមបញ្ចូលទីក្រុងគីវ នៅតុចរចា។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងជំរុញឲ្យមានកិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស ដើម្បីបញ្ចប់សង្រ្គាម ដោយបានផ្ដល់ក្ដីបារម្ភដល់សម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមិនឲ្យបណ្ដាប្រទេសទាំងនោះ និងអ៊ុយក្រែន ចូលរួមក្នុងកិច្ចចរចាដំបូងជាមួយរុស្ស៊ី កាលពីសប្តាហ៍មុន។
បើយោងតាមព័ត៌មានពីការអំពាវនាវជាមួយលោក Zelenskiy ដែលចេញផ្សាយដោយការិយាល័យរបស់លោក Trudeau បានបង្ហាញថា៖ «មេដឹកនាំទាំង២ បានសង្កត់ធ្ងន់ថា ការបញ្ចប់ដោយសន្តិវិធីនៃជម្លោះនេះ ត្រូវតែរួមបញ្ចូលអ៊ុយក្រែន នៅតុចរចា"។
ប្រទេសកាណាដា មាននូវសហគមន៍អ៊ុយក្រែនដ៏ធំបំផុតមួយរបស់ពិភពលោក នៅខាងក្រៅប្រទេស ដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន ហើយទីក្រុងអូតាវ៉ា គឺជាអ្នកគាំទ្រដ៏រឹងមាំបំផុតរបស់ទីក្រុងគីវ ក្នុងជម្លោះជាមួយទីក្រុងមូស្គូ៕