នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃសុក្រ (ទី២១ ខែកុម្ភៈ) នេះ បាននិយាយថា អ៊ីស្រាអែលនឹងឲ្យក្រុមហាម៉ាសទទួលផលពីការខកខានមិនបានប្រគល់ចំណាប់ថ្នូរឈ្មោះ Shiri Bibas ដូចដែលបានព្រមព្រៀងគ្នា។
តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូ លោក Netanyahu បាននិយាយថា៖ «យើងនឹងចាត់វិធានការ ដោយប្តេជ្ញាចិត្តនាំយកសព Shiri មកវិញ រួមជាមួយនឹងចំណាប់ថ្នូររបស់យើងទាំងអស់ ទោះរស់ ឬស្លាប់ ហើយធានាថា ក្រុមហាម៉ាសត្រូវទទួលបានផលយ៉ាងស័ក្ដិសម សម្រាប់ការរំលោភបំពានយ៉ាងឃោរឃៅ និងអាក្រក់ក្រៃលែងនៃកិច្ចព្រមព្រៀងនេះ»។

សេចក្តីថ្លែងការណ៍នេះបានកើតមានឡើងបន្ទាប់ពីអ្នកឯកទេសអ៊ីស្រាអែល បានប្រាប់ថា សពម្នាក់ក្នុងចំណោមសព ៤រូប ដែលត្រូវបានប្រគល់ដោយក្រុមហាម៉ាស កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែកុម្ភៈ) គឺជាស្ត្រីមិនស្គាល់អត្តសញ្ញាណ ហើយមិនមែនជាលោកស្រី Shiri Bibas ដែលកូនប្រុស ២នាក់របស់លោកស្រីឈ្មោះ Kfir និង Ariel ត្រូវបានប្រគល់ឲ្យ និងកំណត់អត្តសញ្ញាណ។
លោក Netanyahu បានចោទប្រកាន់ក្រុមហាម៉ាសថា បានធ្វើនូវទង្វើ «ឥតអៀនខ្មាសមិនអាចពណ៌នាបាន» ដោយការដាក់សពស្ត្រី នៅតំបន់ហ្កាហ្សា ក្នុងមឈូសជំនួសឲ្យសពលោកស្រី Shiri Bibas ដែលត្រូវបានចាប់ខ្លួនជាមួយកូនប្រុស ២នាក់ និងប្តីរបស់លោកស្រី ឈ្មោះ Yarden ក្នុងអំឡុងពេលមានការវាយប្រហារពីសំណាក់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
រហូតមកដល់ពេលនេះ ក្រុមហាម៉ាសមិនទាន់បានចេញសេចក្តីអធិប្បាយជាសាធារណៈណាមួយ ជុំវិញការចោទប្រកាន់របស់អ៊ីស្រាអែល ដោយនេះបានគម្រាមកំហែងដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយ ដែលសម្រេចបានដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងដោយមានជំនួយពីប្រទេសសម្របសម្រួលកាតា និងអេហ្ស៊ីប កាលពីខែមុន៕


