ឆ្មាំល្បាតឆ្នេរ នៅថ្ងៃសុក្រ (ទី២១ ខែកុម្ភៈ ) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសស៊ុយអែតកំពុងស៊ើបអង្កេតលទ្ធភាពនៃការធ្វើឲ្យដាច់ខ្សែកាបក្រោមបាតសមុទ្រ នៅឆ្នេរភាគនិរតីរបស់ប្រទេស ក្នុងសមុទ្របាល់ទិក ជាតំបន់ដែលខ្សែកាបក្រោមបាតសមុទ្រជាច្រើនខ្សែរងការខូចខាត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
គួរបញ្ជាក់ថា តំបន់សមុទ្របាល់ទិក ស្ថិតក្នុងការប្រុងប្រយ័ត្ន ហើយសម្ព័ន្ធភាពណាតូ (NATO) បានបង្កើនវត្តមានកងកម្លាំងរបស់ខ្លួន បន្ទាប់ពីមានការដាច់ខូចខាតនូវខ្សែថាមពល ទូរគមនាគមន៍ និងបំពង់បង្ហូរប្រេង ឬឧស្ម័នជាបន្តបន្ទាប់ ចាប់តាំងពីរុស្ស៊ី បានលុកលុយអ៊ុយក្រែន ក្នុងឆ្នាំ២០២២។ ការដាច់នោះ ភាគច្រើនបណ្តាលមកពីនាវាស៊ីវិលអូសយុថ្កាកាត់។
អ្នកនាំពាក្យឆ្មាំល្បាតឆ្មេរ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា៖ «យើងបានទទួលព័ត៌មាន ដែលសង្ស័យពីការធ្វើឲ្យដាច់ខ្សែកាប ហើយស្ថាប័នអយ្យការ បានសម្រេចចាប់ផ្តើមការស៊ើបអង្កេតបឋម»។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា នាវាឆ្មាំល្បាតឆ្នេរត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ នៅម្ដុំកោះ Gotland។
ភ្លាមៗនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើខ្សែកាបប្រភេទណាខ្លះ មានជាប់ពាក់ព័ន្ធ ឬការខូចខាត កើតឡើងនៅពេលណា។ ឆ្មាំល្បាតឆ្នេរបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម៕