កងទ័ពអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យានដ្រូន ៨៧គ្រឿង ក្នុងនោះយានដ្រូន ៧០គ្រឿងផ្សេងទៀត បានវង្វេងតំបន់ ក្រោយពេលដែលរុស្ស៊ី បើកការវាយប្រហារដោយយានដ្រូន ១៦០គ្រឿង និងមីស៊ីល ២គ្រាប់កាលពីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅ ។
គ្មានការខូចខាត ឬគ្រោះថ្នាក់នៅក្នុងទីក្រុងគីវ ត្រូវបានរាយការណ៍ដោយក្រុមមន្រ្តីអ៊ុយក្រែននោះទេ បើទោះបីជាស្នូរគ្រាប់កាំភ្លើង និងសំឡេងផ្ទុះគ្រាប់ ត្រូវបានឮ ពេលដែលប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុងអ៊ុយក្រែនមួយនេះ ព្យាយាមបាញ់ទម្លាក់យានដ្រូន ។
អភិបាលក្រុងគីវលោក Vitali Klitschko និយាយថា ប្រព័ន្ធការពារដែនអាកាស បានឆ្លើយតប ពេលដែលយានដ្រូនហោះមកជិតទីក្រុងរបស់លោក ហើយលោកបានជំរុញឲ្យប្រជាពលរដ្ឋបន្តស្នាក់នៅក្នុងជម្រកគ្រាប់បែក ។
ដោយឡែក កាលពីនាថ្ងៃព្រហស្បតិ៍ម្សិលមិញ អភិបាលតំបន់ Kherson លោក Oleksandr Prokudin បាននិយាយថា នៅទីក្រុងភាគខាងត្បូង Kherson កងកម្លាំងរុស្ស៊ី បានវាយប្រហារអគារកម្ពស់ច្រើនជាន់ដោយប្រើប្រាស់គ្រាប់បែកតម្រង់គោលដៅ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមនុស្ស ៣នាក់ផ្សេងទៀត រងរបួស ហើយនិងការខូចខាតធ្ងន់ធ្ងរ ។
រុស្ស៊ីបានច្រានចោលការវាយប្រហារលើគោលដៅស៊ីវិល ប៉ុន្តែពួកគេតែងតែវាយប្រហារលើទីក្រុងនៅពីក្រោយខ្សែត្រៀមមុខ អំឡុងការវាយលុករយៈពេលជិត ៣ឆ្នាំរបស់ពួកគេលើអ៊ុយក្រែន ៕