ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៤៨.៣០០នាក់ ត្រូវបានសម្លាប់ដោយសារប្រតិបត្តិការយោធា នៅតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣មក។
ទីភ្នាក់ងារនេះ បាននិយាយនៅលើបណ្តាញ Telegram របស់ខ្លួនថា៖«ចំនួនជនរងគ្រោះនៃសកម្មភាពរបស់អ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ បានកើនឡើងដល់ ៤៨.៣១៩ នាក់ ជាមួយនឹងអ្នករងរបួសចំនួន ១១១.៧៤៩នាក់ផ្សេងទៀត»។ ក្រសួងបានបន្ថែមថា ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅ នេះ ក្រុមគ្រូពេទ្យ បានទាញសាកសពចំនួន ២២នាក់ ចេញពីក្រោមគំនរបាក់បែក នៅក្នុងដែនដី ដែលមានការប្រយុទ្ធគ្នា ហើយអ្នករងរបួស ១៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមយុទ្ធជនមកពីក្រុមប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែល ពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នកស្រុករស់នៅ តាមព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរជាង ២៤០នាក់។