កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymr Zelenskiy មាននូវជំនួបមួយជាមួយប្រេសិតពិសេសសម្រាប់ជម្លោះអ៊ុយក្រែនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅទីក្រុងគីវ ដោយសង្ឃឹមថានឹងធ្វើឲ្យល្អប្រសើរឡើងជម្លោះអំឡុងសម័យសង្រ្គាមរវាងប្រទេសធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នាទាំង ២នេះ ។
ជំនួបមួយនេះ បានកើតមានឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការវាយបកដោយពាក្យសម្តីគ្នាទៅវិញទៅមករវាងលោក Trump និងលោក Zelenskiy ជុំវិញកិច្ចប្រជុំស្វែងរកសន្តិភាពជាមួយរុស្ស៊ី ក្នុងនោះលោក Trump បានចាត់ទុកលោក Zelenskiy ថាជាជនផ្តាច់ការ ថាគាត់ត្រូវតែចាត់វិធានការឲ្យបានឆាប់ បើពុំដូច្នោះទេនឹងបាត់បង់ប្រទេសអ៊ុយក្រែនហើយ ។
លោក Mike Waltz ដែលជាទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានលើកឡើងពីបញ្ហាមួយនេះ ក្នុងសន្និសីទសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ ។
កាលពីថ្ងៃពុធកន្លងទៅ លោក Zelenskiy បានច្រានចោលការទាមទាររបស់សហរដ្ឋអាមេរិកសម្រាប់ថវិកា ៥០០ពាន់លានដុល្លារក្នុងធនធានរ៉ែពីអ៊ុយក្រែន ដើម្បីសងជំនួយសម័យសង្រ្គាមដល់ទីក្រុងវ៉ាស៊ីនតោនវិញ ដោយលោកនិយាយថា សហរដ្ឋអាមេរិកពុំបានផ្គត់ផ្គង់ដល់ចំនួនទឹកប្រាក់ប៉ុណ្ណឹងនោះទេមកទល់នឹងពេលនេះ ហើយពួកគេក៏ពុំបានផ្តល់ការធានាសន្តិសុខច្បាស់លាស់នៅក្នុងកិច្ចព្រមព្រៀងនោះដែរ ។
ខណៈពេលនោះដែរ ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលគ្រោងនឹងធ្វើដំណើរទៅជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃចន្ទដើមសប្តាហ៍ក្រោយនោះ និយាយថា លោកនឹងនិយាយប្រាប់លោក Trumpថាមិនត្រូវទន់ជ្រាយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នោះឡើយ ៕