ភ្នំពេញ ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រមូលចំណូលលើអាជីវកម្ម លក់ទឹកស្អាតសរុបបានចំនួនជាង ២៧៦ ពាន់លានរៀល កើនឡើងជិត ៣៩ ពាន់លានរៀល ស្មើនឹង ១៦,៨២% បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បង្ហាញរបាយការណ៍ ត្រីមាសទី៣ ឆ្នាំ២០២១ ក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រមូលចំណូល លើអាជីវកម្មលក់ទឹកស្អាត សរុបមានចំនួនជាង ១១៥ ពាន់លានរៀល កើនឡើងជាងត្រីមាសទី ៣ ឆ្នំ២០២០ ក្នុងចំនួន២៨ ពាន់លាន រៀល ត្រូវប្រមាណជាង ៣៣ %។
ចំណែកការប្រមូលចំណូលរយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២១ នេះវិញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រមូលចំណូលសរុបមានចំនួន ជាង ២៧៦ ពាន់លានរៀល កើនឡើងជិត ៣៩ ពាន់លានរៀល ស្មើនឹង ១៦,៤២% និងចំណេញសុទ្ធ សរុបជាង ១០៧ ពាន់លានរៀល កើនឡើងជាង ៣៧ ពាន់លានរៀល ស្មើនឹង ៥៤,២៧% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នំា២០២០។
ដោយឡែកទ្រព្យសកម្មសម្រាប់វិនិយោគ, គិតត្រឹមរយៈពេល ៩ ដែរនេះ ទ្រព្យសកម្មសរុប របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមាន ចំនួនជាង ២ ២៣៧ ពាន់លានរៀល កើនឡើងជាង ៣៧២ ពាន់លានរៀល ឬស្មើប្រមាណជិត ២០% និងមូលធនសរុបមានចំនួនជាង ១ ១៤៤ ពាន់លានរៀល កើនឡើងជាង ១៦២ ពាន់លានរៀល ស្មើប្រមាណ ១៦,៥៦% ។
សូមបញ្ជាក់ថា ពាក់ព័ន្ធប្រព្រឹត្តកម្មទឹកស្អាត នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១ ដែលគ្រប់គ្រង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងនោះ រោងចក្រភូមិព្រែក និងរោងចក្រជ្រោយចង្វារ អនុវត្តជាក់ស្តែងបាន ជាង ១៥ លានម៉ែត្រគូប, រោងចក្រចម្ការមនជិត ៥ លានម៉ែត្រគូប, រោងចក្រនិរោធ ជាង ២៤ លានម៉ែត្រគូប, រោងចក្រម្លេច ជិត ៩ ម៉ឺនម៉ែត្រគូប និងរោងចក្រនៅខេត្តត្បូងឃ្មុំ មានចំនួនជាង ៦ ម៉ឺនម៉ែត្រគូប៕
អត្ថបទ៖ សុន រ៉ាឌី