ជនរងគ្រោះ ១៨នាក់ពីការប៉ះទង្គិចគ្នាកាលពីពេលថ្មីៗនៅទីក្រុង Bukavu របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបានបញ្ចុះនៅក្នុងផ្នូរដ៏ធំមួយដោយក្រុមកាកបាទក្រហម ។
ក្រុមស្ម័គ្រចិត្តកាកបាទក្រហម ត្រូវបានគេមើលឃើញសែងសាកសពនៅក្នុងថង់ពណ៌ស ចេញពីសាលតម្កល់សាកសព ដាក់ទៅលើរថយន្ត និងដឹកទៅកាន់ទីបញ្ចុះសព ។
ក្រុមអាជ្ញាធរ និងក្រុមអ្នកស្រុក បានរាយការណ៍ប្រាប់ក្រុមកាកបាទក្រហមថា មានសាកសពជាច្រើនរាយប៉ាយពាសពេញទីក្រុង ។
លោក John Kashinzwe គឺជាប្រធានប្រតិបត្តិកាកបាទក្រហមខេត្ត South Kivu និយាយថា ពួកយើងទទួលបានព័ត៌មានពីសហគមន៍ និងក្រុមអាជ្ញាធរថា មានសាកសពច្រើនណាស់រាយប៉ាយនៅទីនោះ ដោយគ្មានគ្រួសារយកពួកគេទៅបញ្ចុះនោះឡើយ ។
តំបន់ភាគខាងកើតកុងហ្គោ បានមើលឃើញអំពើហិង្សាកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។
ក្រុមប្រដាប់អាវុធ រួមទាំងក្រុមសកម្មប្រយុទ្ធមានទំនាក់ទំនងជាមួយក្រុមឧទ្ទាម M23បានរុលចូលដល់តំបន់ជាយក្រុងសំខាន់ៗ ធ្វើឲ្យកើតមានករណីចោរកម្មធ្ងន់ធ្ងរ ការវាយប្រហារប្រដាប់អាវុធ និងការជម្លៀសខ្លួនទ្រង់ទ្រាយធំ ។
លោក Habamungu Kavuha ដែលបានបាត់បង់ប្អូនប្រុសរបស់គាត់ និយាយថា គាត់អាចកំណត់សញ្ញាណសាកសពប្អូនប្រុសរបស់គាត់តែម្នាក់ឯកប៉ុណ្ណោះ នៅទីបញ្ចុះសាព ដោយសារសមាជិកគ្រួសាររបស់គាត់ផ្សេងទៀត នៅមិនទាន់អាចវិលត្រឡប់មកកាន់ទីក្រុង Bukavu វិញទេ ៕