មន្ត្រីសហភាពអឺរ៉ុបដែលកំពុងបំពេញទស្សនកិច្ច បាននិយាយនៅថ្ងៃសុក្រនេះថា ការផ្តល់មូលនិធិ ៥០០ លានអឺរ៉ូ ដល់ប្រទេសលីបង់ គឺមានលក្ខខណ្ឌលើការរៀបចំរចនាសម្ព័ន្ធធនាគារឡើងវិញ និងឈានដល់កិច្ចព្រមព្រៀង ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
កាលពីខែឧសភាឆ្នាំមុន សហភាពអឺរ៉ុប បានប្រកាសផ្តល់ជំនួយមួយពាន់លានអឺរ៉ូ (១ពាន់លានដុល្លារ) សម្រាប់ប្រទេសលីបង់ ដើម្បីជួយទប់ស្កាត់ការធ្វើទេសន្តរប្រវេសន៍មិនទៀងទាត់ទៅកាន់ប្លុកនេះ ជាមួយនឹងជំនួយដែលបានរៀបចំឡើង ដើម្បីពង្រឹងសេវាមូលដ្ឋាន រួមទាំងការអប់រំ និងសុខភាព ចំពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការសមុទ្រមេឌីទែរ៉ាណេ លោកស្រី Dubravka Suica នៅថ្ងៃសុក្រនេះ បាននិយាយថា ក្នុងចំណោមមូលនិធិដែលបានព្រមព្រៀងនោះ «៥០០លាន (អឺរ៉ូ) ត្រូវបានអនុម័តរួចហើយ នៅក្នុងខែសីហា ឆ្នាំមុន ហើយ ៥០០លាន (អឺរ៉ូ)ផ្សេងទៀត នឹងមកក្នុងពេលឆាប់ៗនេះ ប៉ុន្តែមានលក្ខខណ្ឌមួយចំនួន»។
លោកស្រី បានថ្លែងប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីជួបជាមួយលោកប្រធានាធិបតី Joseph Aoun ថា «បុរេលក្ខខណ្ឌសំខាន់ គឺការរៀបចំរចនាសម្ព័ន្ធវិស័យធនាគារឡើងវិញ... និងកិច្ចព្រមព្រៀងដ៏ល្អ ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)»។