ប្រភពចំនួន ៥ បានប្រាប់សារព័ត៌មាន Reuters ថា បណ្តារដ្ឋអារ៉ាប់ដែលច្រានចោលយ៉ាងរហ័សនូវផែនការរបស់ប្រធានាធិបតី លោក Donald Trump ដែលចង់ឲ្យសហរដ្ឋអាមេរិកកាន់កាប់តំបន់ហ្កាហ្សា និងផ្លាស់កន្លែងតាំងទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន កំពុងប្រញាប់ប្រញាល់ព្រមព្រៀងឲ្យមានកិច្ចប្រឹងប្រែងការទូតយ៉ាងខ្លាំងក្លា ដើម្បីទប់ទល់នឹងគំនិតនេះ។
ផែនការរបស់លោក Trump ដែលបានប្រកាសកាលពីថ្ងៃទី៤ ខែកុម្ភៈ ក្នុងអំឡុងពេលមានបទឈប់បាញ់ដ៏ផុយស្រួយ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បានធ្វើឲ្យប៉ាឡេស្ទីន និងបណ្តាប្រទេសអារ៉ាប់ខឹងសម្បា និងបង្កឲ្យមានការប៉ះពាល់ដល់ទំនាក់ទំនងការទូតជាច្រើនទសវត្សរ៍របស់សហរដ្ឋអាមេរិកដែលផ្តោតលើដំណោះស្រាយរដ្ឋ២។
ប៉ុន្តែបើយោងតាមប្រភពដែលដឹងពីការពិភាក្សាការទូត នៅមុនកិច្ចប្រជុំ បានឲ្យដឹងថា បណ្ដារដ្ឋអារ៉ាប់ដែលព្យាយាមបង្កើតផែនការជំនួស មិនទាន់អាចដោះស្រាយបញ្ហាសំខាន់ៗបាននៅឡើយទេ ដូចជាថា តើអ្នកណានឹងជាអ្នកទទួលខុសត្រូវលើការចំណាយ ដើម្បីកសាងឡើងវិញនូវតំបន់ហ្កាហ្សា ដែលតាមរយៈការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ មានចំនួនជាង ៥០ពាន់លានដុល្លារ ឬថា តើដែនដីនេះ នឹងត្រូវបានគ្រប់គ្រងដោយរបៀបណា។ បុគ្គលទាំងនោះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះពួកគេមិនមានសិទ្ធិឆ្លើយតបជាមួយអ្នកសារព័ត៌មានបានឡើយ។
គួរបញ្ជាក់ថា បណ្ដាមេដឹកនាំនៃបណ្តាប្រទេសឈូងសមុទ្រអារ៉ាប់ បូករួមទាំងអេហ្ស៊ីប និងហ្ស៊កដានីផងដែរ នឹងត្រូវជួបប្រជុំគ្នា នៅយប់ថ្ងៃសុក្រនេះ ក្នុងទីក្រុងរីយ៉ាដ ជាអ្វីដែលអារ៉ាប៊ីសាអូឌីត បានលើកឡើងថា នឹងក្លាយជាកិច្ចប្រជុំក្រៅផ្លូវការមួយ នៅក្នុងក្របខ័ណ្ឌនៃ «ទំនាក់ទំនងជាបងប្អូនជិតស្និទ្ធ»៕