មន្រ្តីមួយរូបរបស់ក្រុមហាម៉ាស់ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPនៅថ្ងៃសុក្រនេះថា សាកសពចំណាប់ថ្នូរ Shiri Bibas ទំនងជាលាយឡំជាមួយសាកសពមនុស្សដទៃដែលត្រូវបានសម្លាប់ និងកុបក្រោមគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សាស្រ្ទីប ។
មន្រ្តីរូបនោះដែលសុំមិនបញ្ចេញឈ្មោះ និយាយថា វាទំនងខ្លាំងណាស់ថា សាកសពរបស់អ្នកស្រី Bibasលាយឡំជាមួយសាកសពដែលត្រូវបានរកឃើញនៅក្រោមគំនរអគារបាក់បែក ហើយពួកយើងកំពុងស៊ើបអង្កេតលើបញ្ហាមួយនេះ ។
ការបញ្ជាក់បែបនេះ បានកើតមានឡើង ក្រោយអ៊ីស្រាអែលនិយាយថា សាកសពមួយក្នុងចំណោមសាកសពដែលត្រូវបានប្រគល់ជូនដោយក្រុមហាម៉ាស់កាលពីថ្ងៃព្រហស្បតិ៍ មិនមែនជាអ្នកស្រី Bibasដូចដែលក្រុមជីវពលបានអះអាងនោះទេ ។
ក្រុមហាម៉ាស់និយាយថា សាកសពនេះ រួមមានទាំងចំណាប់ថ្នូរក្មេងបំផុត គឺជាទារក និងបងប្រុសអាយុ ៤ឆ្នាំដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
ការប្រគល់សាកសពនៅថ្ងៃព្រហស្បតិ៍នេះដែរ បានកើតមានឡើងស្ថិតក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា ដែលបានឈានដល់កាលពីខែមុន ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងការសម្របសម្រួលពីប្រទេសកាតា និងប្រទេសអេហ្ស៊ីប ។
មកទល់នឹងពេលនេះ អ៊ីស្រាអែល នៅពុំទាន់បានបញ្ជាក់នោះទេពីការស្លាប់របស់អ្នកស្រី Shiri Bibas ៕