រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Andrzej Domanski នៅថ្ងៃសុក្រ (ទី២១ ខែកុម្ភៈ) នេះ បាននិយាយថា វិស័យការពារជាតិ នឹងនៅតែជាអាទិភាពថវិកាចម្បង សម្រាប់ប្រទេសប៉ូឡូញ ដោយជំរុញឲ្យបណ្តាប្រទេសសហភាពអឺរ៉ុប (EU) គាំទ្រសំណើរបស់ប៉ូឡូញ ដែលនឹងអនុញ្ញាតឲ្យពួកគេដំឡើងការចំណាយផ្នែកយោធា ដោយមិនបំពានច្បាប់សារពើពន្ធរបស់ប្លុកនេះ។
គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន បានជំរុញឲ្យប្រទេសជិតខាងប៉ូឡូញធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន ជំរុញការទិញសព្វាវុធ ហើយប្រទេសនេះបានបែងចែក ៤,៧ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ការចំណាយលើវិស័យការពារជាតិ នៅឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតជាងគេមួយ នៅក្នុងចំណោមប្រទេសមាជិករបស់អង្គការណាតូ (NATO)។
លោក Domanski បាននិយាយនៅក្នុងបទសម្ភាសតាមវិទ្យុថា៖ «កញ្ចប់ថវិកា និងជាពិសេសការចំណាយលើវិស័យការពារជាតិ គឺតែងតែ ហើយនឹងជាអាទិភាពចម្បងរបស់យើង។ តាមពិតទៅ ការចំណាយនោះមានឥទ្ធិពលលើការវិនិយោគផ្សេងទៀតរបស់យើងទាំងអស់ ព្រោះការវិនិយោគផ្សេងទៀតទាំងនេះ មានន័យតែនៅពេលណាដែលប្រទេសប៉ូឡូញមានសុវត្ថិភាពប៉ុណ្ណោះ»។
ជាមួយគ្នានេះ លោក Domanski ក៏បានជំរុញឲ្យប្រទេសមាជិក EU ផ្សេងទៀត បង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេផងដែរ៕