រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានជួបសមភាគីចិន លោក Wang Yi នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃសុក្រ (ទី២១ ខែកុម្ភៈ) នេះ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំង២០ (G20)។
ជំនួបនេះ កើតមានឡើងចំពេលមានកិច្ចប្រឹងប្រែងការទូតដែលកំពុងបន្តធ្វើ រវាងឥណ្ឌា និងចិន ដើម្បីដោះស្រាយទាំងបញ្ហាទ្វេភាគី និងបញ្ហាប្រឈមនានា ក្នុងតំបន់។
ក្នុងឱកាសនោះ លោក Jaishankar បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ «ដើម្បីថែរក្សា និងការពារ G20 ក្នុងនាមជាស្ថាប័នមួយ»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសមកពីប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ទាំង២០ ឬ G20 កំពុងជួបប្រជុំគ្នា នៅអាហ្វ្រិកខាងត្បូង ចំពេលមានភាពតានតឹង រវាងសមាជិក ក្នុងប្លុកនេះ ជុំវិញសង្គ្រាមអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្ម ខណៈដែលអ្នកការទូតជាន់ខ្ពស់របស់អាមេរិកអវត្តមាន ដោយសារមានជម្លោះជាមួយប្រទេសម្ចាស់ផ្ទះ។
បណ្តាប្រទេស G20 ដែលតំណាងឲ្យ ៨៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) និង ៣ភាគ៤នៃពាណិជ្ជកម្មរបស់ពិភពលោក ជារឿយៗជួបការលំបាកក្នុងការព្រមព្រៀងគ្នា ប៉ុន្តែការបែកបាក់ផ្នែកភូមិសាស្ត្រនយោបាយ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ បានធ្វើឲ្យមានភាពប្រេះស្រាំជាងពេលណាៗទាំងអស់៕