ភ្នំពេញ៖ រដ្ឋបាលខណ្ឌ៧មករាបានកំណត់យកមហាវិថីហ្សាលដឺហ្គោលធ្វើជាផ្លូវគំរូ ដែលមានបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណ្ឌភាពល្អសម្រាប់មូលដ្ឋាន ខណ្ឌ៧មករា។
នៅរសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងកំណាត់ផ្លូវហ្សាលឌឺហ្គោល ក្នុងភូមិសាស្ត្រខណ្ឌ៧មករា ស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពសាធារណៈគំរូលេីកំណាត់ផ្លូវហ្សាលឌឺហ្គោល ។
ក្នុងកម្មវិធីពិគ្រោះយោបល់នេះ មានសមាសភាពចូលរួមលោកអភិបាលរង ខណ្ឌ លោកនាយក នាយករងរដ្ឋបាលសាលាខណ្ឌ លោកអធិការ អធិការរងនគរបាលខណ្ឌ លោក លោកស្រីចៅសង្កាត់ លោកនាយប៉ុស្ត៍នគរបាលរដ្ឋបាលពាក់ព័ន្ធ និងប្រជាពលរដ្ឋប្រុសស្រីចូលរួមចំនួន១៣៣នាក់ ។
ក្នុងពិធីពិគ្រោះយោបល់នោះដែរប្រជាពលរដ្ឋបានលើកឡើងសម្ដែងក្ដីសប្បាយរីករាយនិងសំណូមពរទៅដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធក្នុងការកំណត់យកមហាវិថីហ្សាលដឺហ្គោល នេះជាផ្លូវគំរូ ប៉ុន្តែក្នុងអំឡុងពេលការជួសជុលការ៉ូឡាថ្មីនោះសូមមន្ត្រីជំនាញយកចិត្តទុកដាក់ កាត់បន្ថយនូវការរំខានការប្រកបមុខរបរ និងការចេញចូលផ្ទះរបស់ពួកគាត់។ ពលរដ្ឋដទៃទៀតបន្តលើកឡើងថា ក្នុងការរៀបចំនេះ ថាតើកំណត់ព្រំត្រឹមចំណុចដល់ពួកគាត់អាចប្រកបអាជីវកម្មបាន។
ក្នុងពិធីនេះដែរលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករាបានពន្យល់ បកស្រាយជូនដល់ប្រជាពលរដ្ឋឲ្យបានយល់ថាក្នុងអំឡុងពេលជួសជុលកែលម្អកំណាត់ផ្លូវនេះគឺអាជ្ញាធរបានយកចិត្តទុកដាក់ខ្ពស់បំផុតពីផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋ ដោយការជួសជុលក្នុងមួយថ្ងៃតែពីផ្ទះប៉ុណ្ណោះដោយរៀបនឹងកាយធ្វើឲ្យឡើងវិញភ្លាមៗមិនប្រើពេលប៉ះពាល់ដលបងប្អូនយូឡើយ។ បន្ថែមទៀតនោះលោកអភិបាលបានបញ្ជាក់ថាការូឡាថ្មីនិង មានលាយពណ៌ឆ្នូតក្រហម កំណត់ព្រំរួចស្រាច ដោយពុំចាំបាច់បាញ់ថ្នាំកំណត់ព្រំនោះទេ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋអាស្រ័យផល។
ជាចុងក្រោយ លោកអភិបាលបានបញ្ជាក់ថា អាជ្ញាធរខណ្ឌ៧មករាដែលមានលោកអធិការរងទទួលផែនសណ្ដាប់ធ្នាប់ផងនោះនិងជួយសម្រួលចរាចរណ៍នៅកំណាត់ផ្លូវអំឡុងពេលដែលកំពុងតែមានការដ្ឋានដើម្បីជៀសវាងនិងកាត់បន្ថយការកកស្ទះលំហូរចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរហើយសូមឲ្យបងប្អូនទាំងអស់មានការយោគយល់អធ្យាស្រ័យនិងចូលរួមជាមួយអាជ្ញាធរឲ្យបានល្អប្រសើរ៕
អត្ថបទ៖ កុម្ភៈ









