អាហ្វហ្គានីស្ថាន៖ ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបាននិយាយថា ប្រទេសអាហ្វហ្គានីស្ថានកំពុងប្រឈមមុខទៅនឹងវិបត្តិមនុស្សធម៌ ខណៈអង្គការផ្តល់ជំនួយព្យាយាមជាមួយវិធីជាច្រើនដើម្បីបើកប្រាក់ខែដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកសំខាន់ៗផ្សេងទៀត ព្រោះគ្មានវិធីផ្ទេរប្រាក់បៀវត្សរ៍ទៅគណនីធនាគារនៅទីនោះបាន។

ការនិយាយលើកឡើងរបស់ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) លោក Peter Maurer បានឲ្យដឹងថា អ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសអាហ្វហ្គានីស្ថានបានព្រមានថា ប្រទេសនេះស្ថិតក្នុងភាពប្រឈមនៃមហន្តរាយមនុស្សធម៌ និងសេដ្ឋកិច្ចដែលដួលរលំ និងកំពុងបង្កើនហានិភ័យនៃភាពជ្រុលនិយម។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា 60% នៃប្រជាជនជិត 40លាននាក់របស់ប្រទេសអាហ្វហ្គានីស្ថាន ប្រឈមនឹងកម្រិតវិបត្តិនៃភាពអត់ឃ្លាននៅក្នុងជំនួយស្បៀងអាហារបន្ទាន់ ដែលទំនងជានឹងកាន់តែធ្ងន់ធ្ងរទៅៗក្នុងរដូវរងា។ សេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានប៉ាន់ប្រមាណថា បានធ្លាក់ចុះ 40%។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ដែលកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសអាហ្វហ្គានីស្ថានរយៈពេលជាង 30ឆ្នាំមកហើយនោះបានរកឃើញដំណោះស្រាយបណ្ដោះអាសន្នមួយ ដោយនាំយកសាច់ប្រាក់ទៅឱ្យប្រទេសក្រីក្រមួយនេះ ដោយប្តូរប្រាក់ដុល្លារទៅជាប្រាក់ក្នុងតំបន់ប្រទេសអាហ្វហ្គានីស្ថាន និងបើកប្រាក់ខែឱ្យបុគ្គលិកមួយចំនួន។
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ អាចធ្វើកិច្ចការនេះដោយមានការយល់ព្រមតាមបទប្បញ្ញត្តិ ដោយការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្នុងកិច្ចព្រមព្រៀងដាច់ដោយឡែកជាមួយក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមតាលីបង់អនុញ្ញាតឱ្យបើកប្រាក់ខែឧបត្ថម្ភ ដោយម្ចាស់ជំនួយឆ្លងកាត់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងឆ្លងកាត់ការដឹកនាំរបស់ក្រុមតាលីបង់ ដែលមិនទាន់មានការទទួលស្គាល់ជាផ្លូវការជាអន្តរជាតិដោយប្រទេសណាមួយនៅឡើយ។ បន្ទាប់ពីការចូលកាន់កាប់របស់ក្រុមតាលីបង់ សហរដ្ឋអាមេរិកបានបង្កកទ្រព្យសម្បត្តិជិត 9.5ពាន់លានដុល្លារដែលជាកម្មសិទ្ធិរបស់ធនាគារកណ្ដាល និងបញ្ឈប់ឲ្យមានការដឹកជញ្ជូនសាច់ប្រាក់៕
អត្ថបទ៖ ប៊ុនថន