អំពើហិង្សាកាន់តែខ្លាំងឡើងនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងធ្វើឱ្យមានភាពតានតឹងដល់ប្រទេសជិតខាង ប៊ូរុនឌី ។
អង្គការសហប្រជាជាតិ និយាយថា ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ មនុស្សជាង៤០.០០០នាក់បានភៀសខ្លួនទៅកាន់ប្រទេសប៊ូរុនឌី ដើម្បីគេចចេញពីការប្រយុទ្ធគ្នា ខណៈក្រុមឧទ្ទាម M23 បានដណ្តើមយកទីក្រុងធំបំផុតចំនួនពីរនៅភាគខាងកើតប្រទេសកុងហ្គោ និងបង្កការភ័យខ្លាចថា សង្គ្រាមកាន់តែរីកធំ។
លោក Brigitte Mukanga-eno អ្នកតំណាងអង្គការ UNHCR ប្រចាំប្រទេសប៊ូរុនឌី បាននិយាយថា កាលពីសប្តាហ៍មុន មនុស្សជាង ៩.០០០នាក់ បានឆ្លងចូលទៅក្នុងប្រទេសប៊ូរុនឌី ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។
លំហូរដ៏ច្រើនបែបនេះ គឺជាជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះសម្រាប់ប្រទេសប៊ូរុនឌី ដែលលំហូរចុងក្រោយគឺនៅដើមឆ្នាំ២០០០។
អង្គការសហប្រជាជាតិ បាននិយាយថា ជនភៀសខ្លួនមួយចំនួន បានភៀសខ្លួនចេញជាច្រើនដង ហើយបានទៅដល់ប្រទេសប៊ូរុនឌី ដោយមានរបួស ឬបញ្ហាសុខភាព។