ក្រុមការងារចុះមូលដ្ឋានខេត្ដសៀមរាប បានអំពាវនាវដល់ក្រុមការងារ រួមគ្នាការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាមកដល់សព្វថ្ងៃនេះ កុំឱ្យកម្លាំងអមិត្ត ឬក្រុមជនអគតិណាមកបំផ្លាញបានឡើយ។
ឯកឧត្តម ឥត សារ៉ាត់ សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសៀមរាប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តសៀមរាប នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ឯកឧត្តម បានគូសបញ្ជាក់ថា តាមរយៈអង្គសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ បានបង្ហាញនូវសមិទ្ធផលធំជាច្រើនដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សមាជិកសមាជិកានៅទូទាំងប្រទេស សម្រចបានកន្លងមក ព្រមទាំងដាក់ចេញទិសដៅបន្តទៅមុខ ដោយមានការគិតគូរពីស្ថានភាពបរិយាកាសសង្គម សេដ្ឋកិច្ច នយោបាយ ទាំងក្នុងប្រទេស និងអន្តរជាតិ។ តាមរយៈអង្គសន្និបាតនោះដែរ ក៏បានវាយតម្លៃទៅលើចំណុចខ្លាំង និងចំណុចខ្សោយដែលត្រូវខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងក្នុងបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជន។ គោលជំហរ និងបេសកកម្មរបស់គណបក្សប្រជាជនកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារប្រជាជន ដើម្បីប្រជាជន។ក្នុងឱកាសនេះដែរ ឯកឧត្តម ក៏សូមថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលនានាជាច្រើនគួរឱ្យកត់សម្គាល់។
ទន្ទឹមនេះ ឯកឧត្តមបានជំរុញ លើកទឹកចិត្តឱ្យគណៈកម្មាធិការគណបក្សខេត្ត ដកស្រង់អនុសាសន៍របស់ថ្នាក់ដឹកនាំ ដើម្បីយកទៅសិក្សា និងអនុវត្តបំពេញបន្ថែម ដើម្បីពង្រឹង និងពង្រីកភាពរីកចម្រើនក្នុងមូលដ្ឋាន។ឯកឧត្តមប្រធានក្រុមការងារ ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏រុងរឿងលើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍៕







