ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសនេះ កំពុងទទួលបានបច្ចេកវិទ្យា ដើម្បីសាងសង់រោងចក្រថាមពលបរមាណូ បើទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ។
ប្រធានអង្គការថាមពលបរិមាណូអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានធ្វើការអត្ថាធិប្បាយ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Darkhovin ដែលបច្ចុប្បន្នកំពុងសាងសង់ នៅក្នុងខេត្ត Khuzestan ភាគនិរតី។
លោកបានបន្ថែមថា ទោះបីជាសហរដ្ឋអាមេរិក ព្យាយាមបញ្ឈប់ការរីកចម្រើនរបស់ខ្លួនក៏ដោយ ក៏ការសាងសង់រោងចក្រនេះ នៅតែបន្ត ដោយមានជំនួយពីយុវជន និងអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់។
លោក Eslami បាននិយាយថា ពិភពលោកទាំងមូល បានដឹងថា អ៊ីរ៉ង់កំពុងទទួលបានបច្ចេកវិទ្យានៃការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដោយសង្កត់ធ្ងន់ថា ប្រទេសនេះ មិនយកចិត្តទុកដាក់ចំពោះ «ការដាក់ទណ្ឌកម្ម និងសម្ពាធរបស់គូប្រជែងទេ» ហើយនឹងបន្តធ្វើការឆ្ពោះទៅរកការសម្រេចបាននូវគោលបំណងរបស់ខ្លួន។
លោក បានបញ្ជាក់ថា៖«សព្វថ្ងៃនេះ យើងគឺជាតួអង្គដ៏សំខាន់ នៅក្នុងវិស័យវិទ្យាសាស្ត្រ នៅក្នុងពិភពលោក ហើយគូប្រជែងទាំងអស់ មិនអាចមានលទ្ធភាពឃើញភាពជោគជ័យដ៏អស្ចារ្យនេះទេ»។