យោធាអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួន បានបំផ្លាញទីតាំងចំនួន ២៥កន្លែង ដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម (IS) នៅក្នុងតំបន់ភ្នំមួយ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
កងកម្លាំងមកពីសេវាប្រឆាំងភេរវកម្មរបស់ប្រទេសអ៊ីរ៉ាក់ បានធ្វើប្រតិបត្តិការមួយ នៅក្នុងតំបន់ Makhmour ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Nineveh នៃខេត្ត Mosul និងបានបំផ្លាញកន្លែងលាក់ខ្លួនរបស់ IS ចំនួន ១៨ និងផ្លូវរូងក្រោមដីចំនួន ៧។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ Security Media Cell ដែលជាបណ្តាញផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយទីបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា កងកម្លាំងក៏បានរកឃើញអដ្ឋិធាតុមនុស្ស ក៏ដូចជាឧបករណ៍ផ្ទុះ គ្រាប់រំសេវ យានដ្រូនពីរគ្រឿង ម៉ូតូមួយគ្រឿង និងសម្ភារៈដឹកជញ្ជូនផ្សេងទៀត ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីសាកសពមនុស្សនោះទេ។
ខណៈពេលដែលអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើក្រុម IS ក្នុងឆ្នាំ ២០១៧ អ្នកដែលនៅសេសសល់នៃក្រុមនេះ នៅតែបន្តធ្វើការវាយប្រហារប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិល នៅក្នុងតំបន់ទីក្រុង វាលខ្សាច់ និងតំបន់ដាច់ស្រយាល។