នគរបាលស៊ុយអែត បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានចាប់ខ្លួនបុរស បីនាក់ នៅជិតស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុង Stockholm ដោយសង្ស័យថា បានរៀបចំប្រព្រឹត្តបទឧក្រិដ្ឋដោយហិង្សា ប៉ុន្តែបាននិយាយថា វាលឿនពេកក្នុងការនិយាយថាតើបេសកកម្មការទូត ជាគោលដៅឬអត់នោះ។
ទូរទស្សន៍ស៊ុយអែត TV4 ដែលដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ បានរាយការណ៍ថា បុរសបីនាក់នោះ ត្រូវបានគេសង្ស័យថា មានផែនការវាយប្រហារស្ថានទូត។
អ្នកនាំពាក្យនគរបាលអ្នកស្រី Susanna Rinaldo បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«យើងមិនអាចធ្វើអត្ថាធិប្បាយលើហេតុផលដែលអាចកើតមានបានទេ» ។
អ្នកស្រីបាននិយាយដោយមិនបញ្ជាក់លម្អិតថា ការចាប់ខ្លួននេះ ធ្វើឡើង នៅក្បែរស្ថានទូត ប៉ុន្តែមិនមែននៅក្នុងបរិវេណនោះទេ
អ្នកស្រី Rinaldo បាននិយាយថា ជនសង្ស័យ នឹងត្រូវសួរចម្លើយ ឥឡូវនេះ។
កាលពីឆ្នាំមុន នគរបាលស៊ុយអែត បានបង្កើនសន្តិសុខជុំវិញផលប្រយោជន៍អ៊ីស្រាអែល និងជនជាតិជ្វីហ្វក្នុងប្រទេសនេះ បន្ទាប់ពីមានការបាញ់ប្រហារ នៅជិតស្ថានទូតអ៊ីស្រាអែល។