ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត (SPA) បានរាយការណ៍ថា មេដឹកនាំនៃប្រទេសអេហ្ស៊ីប ហ្ស៊កដានី អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម (UAE) កាតា កូវ៉ែត និងបារ៉ែន បានជួបប្រជុំគ្នា នៅរដ្ឋធានីរីយ៉ាដរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីបញ្ហាប៉ាឡេស្ទីន និងការវិវឌ្ឍនៅតំបន់ហ្កាហ្សាស្ទ្រីប។
ខណៈពេលដែលរបាយការណ៍បានពណ៌នាការជួបជុំនេះថា ជា «ការប្រជុំជាមួយបងប្អូន ដើម្បីពិគ្រោះយោបល់» ដោយមិនផ្តល់ព័ត៌មានលម្អិត របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានបញ្ជាក់ថា ការពិភាក្សា គឺផ្តោត ទៅលើការកសាងឡើងវិញ ក្រោយសង្គ្រាមហ្កាហ្សា ដើម្បីប្រឆាំងនឹងសំណើថ្មីៗរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនចេញពីដែនដីនេះ ហើយបង្វែរវាទៅជា «តំបន់ទេសចរណ៍ឆ្នេរសមុទ្រនៃមជ្ឈិមបូព៌ា» ដែលជាផែនការដែលត្រូវបានប្រជាជាតិអារ៉ាប់បដិសេធយ៉ាងដាច់អហង្ការ។
យោងតាមសារព័ត៌មាន SPA កិច្ចប្រជុំនេះ គឺតបតាមការអញ្ជើញរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman Al Saud និងមានការចូលរួមពីមហាក្សត្រហ្ស៊កដានី Abdullah II, មេដឹកនាំ កាតា លោកSheikh Tamim bin Hamad Al Thani ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi, ប្រធានាធិបតីអារ៉ាប់រួម លោក Sheikh Mohamed bin Zayed Al Nahyanad, ព្រះអង្គម្ចាស់បារ៉ែន Salman bin Hamad Al Khalifa និង មេដឹកនាំកូវ៉ែត លោកSheikh Mishal Al-Ahmad Al-Jaber Al-Sabah ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ មេដឹកនាំទាំងអស់ ក៏បានសម្តែងនូវការគាំទ្ររបស់ពួកគេចំពោះកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់គ្រាអាសន្ន នាពេលខាងមុខ ដែលគ្រោងនឹងធ្វើឡើង នៅទីក្រុងគែរ នៅថ្ងៃទី ០៤ ខែមីនា ដើម្បីដោះស្រាយការវិវឌ្ឍចុងក្រោយនៅប៉ាឡេស្ទីន។