ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយនៅថ្ងៃសៅរ៍ (២២ កុម្ភៈ)ថា «ការបង្កហេតុដោយយោធា» របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុង«កាន់តែធ្ងន់ធ្ងរឡើង» នៅក្រោមរដ្ឋបាលលោក Trump នាពេលបច្ចុប្បន្ន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់សារព័ត៌មាន KCNA ប្រធានការិយាល័យព័ត៌មាននៅក្រសួងដែលមិនបញ្ចេញឈ្មោះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និង «កងកម្លាំងការពារ» របស់ខ្លួន កំពុងគំរាមកំហែងដល់បរិយាកាសសន្តិសុខនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ដោយសំដៅលើសមយុទ្ធយោធារួមគ្នានាពេលថ្មីៗនេះ និងវត្តមានយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង។
មន្ត្រីរូបនេះបានបន្ថែមថា៖«កូរ៉េខាងជើង នឹងប្រឆាំងនឹងការគំរាមកំហែងជាយុទ្ធសាស្ត្រដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងសត្រូវផ្សេងទៀត ជាមួយនឹងមធ្យោបាយយុទ្ធសាស្ត្រ» ខណៈដែលប្តេជ្ញាថា ទីក្រុងព្យុងយ៉ាង នឹងបន្តសកម្មភាពយោធារបស់ខ្លួន។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈថា សមយុទ្ធដែនអាកាសរួមគ្នាមួយ ត្រូវបានធ្វើឡើងជាមួយសហរដ្ឋអាមេរិក ដោយមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B យ៉ាងហោចណាស់មួយគ្រឿងបានចូលរួម។ ប្រទេសកូរ៉េខាងជើង បានថ្កោលទោសជាយូរ ណាស់មកហើយនូវសមយុទ្ធយោធាបែបនេះថា ជាការហាត់សមសម្រាប់សង្គ្រាម ខណៈដែលទីក្រុងសេអ៊ូល បានចាត់ទុកសមយុទ្ធនេះថា ជាការការពារសុទ្ធសាធ។