តាកែវ៖ អបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ, កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល និងថ្នាក់សាខាខេត្តតាកែវ សហការជាមួយក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ អប់រំសុខភាព និងពិនិត្យផ្ទៃពោះជូនស្ត្រីជាមាតាចំនួន ៥០នាក់ នៅមណ្ឌលសុខភាពពត់សរ ស្ថិតក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និងក្រុមការងារ ព្រមទាំងមានយុវជនកាកបាទក្រហមកម្ពុជា ១៨នាក់ ដែលជានិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចុះពិនិត្យផ្ទៃពោះជូនស្ត្រីជាមាតាចំនួន ៥០នាក់។
ជាមួយនឹងសារអប់រំសុខភាព និងការពិនិត្យផ្ទៃពោះ ស្ត្រីជាមាតាទាំង៥០នាក់ ក៏ទទួលបានអំណោយក្នុងម្នាក់ៗទទួលបាន កន្សែងពោះគោធំ១,¬ ក្រមា១, សារុង១,¬ ភួយ១, មុង១, សាប៊ូដុំ ២ដុំ និងថវិកា ២ម៉ឺនរៀលផងដែរ។ ដោយឡែក និស្សិត ទាំង១៨នាក់ ទទួលបានប័ណ្ណសរសេីរពី កាកបាទក្រហមកម្ពុជា៕





