មណ្ឌលគិរី៖ គិតរហូតមកដល់ថ្ងៃទី២០ វិច្ឆិកាដែលត្រូវនឹងថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តមណ្ឌលគិរីនៅតែមានអ្នកទេសចរជាតិច្រើនកុះករ កំពុងដើរកម្សាន្តលំហែរកាយនៅតាមតំបន់ទេសចរនានា ហើយកាលពីថ្ងៃទី១៨ និងថ្ងៃទី១៩ ជាថ្ងៃទី១ និងទី២ នៃព្រះរាជពិធីបុណ្យអុំទូកមានអ្នកទេសចរ ១ម៉ឺននាក់ក្នុង ១ថ្ងៃបានដើរលេងកម្សាន្ត។

អ្នកទេសចរបានមកលេងខេត្តមណ្ឌលគិរីក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ព្រោះតែបានឃើញពីទិដ្ឋភាពព្រៃភ្នំខ្យល់ឱកាសដ៏ល្អបរិសុទ្ធរបស់ខេត្តមួយនេះ ហើយទន្ទឹមនេះដែរពួកគាត់ក៏សង្កេតឃើញដំណើរកម្សាន្តរបស់ភ្ញៀវទូទៅ មានភាពល្អប្រសើរលើវិធានការពារជំងឺកូវីដ-១៩។ អ្នកទេសចរក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានបើកដំណើរការប្រទេស និងសេដ្ឋកិច្ចឡើងវិញ ដែលអំណោយផលដល់បងប្អូនប្រជាពលរដ្ឋបានដើរលេងកម្សាន្តសប្បាយ។
ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីលោក ងិន សុវិមាន បានឲ្យដឹងថា គិតត្រឹមរយៈពេល ២ថ្ងៃកន្លងទៅនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុក ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរប្រមាណ ២ម៉ឺនពោលគឺក្នុង ១ថ្ងៃ ១ម៉ឺននាក់ ដោយនៅថ្ងៃទី១ មានកើនឡើងប្រហែល ៥០% នៅថ្ងៃទី២ កើនឡើង ១១% បើធៀបនឹងពិធីបុណ្យអុំទូកឆ្នាំមុន។ លោកបន្តថា នៅថ្ងៃទី៣ នេះក៏សម្គាល់ឃើញថា មានអ្នកទេសចរជាច្រើនបានដើរលេងកម្សាន្តតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍នានា និងពុំមានភាពមិនប្រក្រតីណាមួយកើតឡើងនោះទេ មានន័យថា អ្នកទេសចរទាំងអស់បានដើរលេងសប្បាយរីករាយ ជាមួយសន្តិសុខយ៉ាងល្អប្រសើរ៕
អត្ថបទ៖ អ៊ិត ភីរុណ