ភ្នំពេញ៖ បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម ដឹកនាំដោយ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម បានជួបពិភាក្សាការងារក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងគណបក្សទាំងពីរកម្ពុជា-វៀតណាម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយម វៀតណាម។
មកដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ក៏មានការជួបប្រជុំកំពូលរវាងគណបក្សទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ និងឥស្សរជនជាន់ខ្ពស់ជាថ្នាក់ដឹកនាំបក្សប្រជាជនបដិវត្តន៍ឡាវ រួមទាំងមានការអញ្ជើញ ចូលរួមដ៏ខ្ពង់ខ្ពស់ពីនាយករដ្ឋមន្ត្រី នៃប្រទេសទាំងបីផងដែរ ដើម្បីពិភាក្សាអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងបីកម្ពុជា-ឡាវ-វៀតណាម ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បី ឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ជាប្រយោជន៍ប្រជាជននៃ ប្រទេសទាំងបី។
ភាគីទាំងបីក៏បានពិភាក្សាអំពីការជំរុញការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ និងបានប្តេជ្ញាចិត្តចូលរួមជំរុញ និងពង្រឹងសហគមន៍អាស៊ាន ដើម្បីការពារសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មសេដ្ឋកិច្ចនិងសន្តិសុខតំបន់និងពិភពលោក ជាពិសេសនៅក្នុងបរិបទនៃសភាពការណ៍អន្តរ ជាតិ និងភូមិសាស្ត្រនយោបាយ បន្តប្រែប្រួលយ៉ាងឆាប់រហ័ស ពិបាកប៉ាន់ស្មាន ស្មុគស្មាញ និងផុយស្រួយ។
ភាគីទាំងបីបន្តពង្រឹង និងពង្រីកប្រកបដោយប្រសិទ្ធភាពបណ្តាយន្តការសហប្រតិបត្តិការដែលមានស្រាប់ ស្រាវជ្រាវបង្កើតយន្តការសហប្រតិបត្តិការថ្មី ក្នុងនោះរួមមាន៖ ការផ្សព្វផ្សាយ និងការតភ្ជាប់បណ្តាញ សន្តិភាពសកល គំនិតផ្តួចផ្តើមតំបន់នានា សំដៅលើកកម្ពស់ប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែក ដល់ការកសាង និងការពារសន្តិភាព វិបុលភាពតំបន់ និងពិភពលោក។
ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ជឿទុកចិត្តគ្នាទៅវិញទៅមក កិច្ចប្រជុំកំពូលទ្វេភាគីកម្ពុជា-វៀតណាម ព្រមទាំងកិច្ចប្រជុំកំពូលគណបក្សទាំងបី កម្ពុជា-ឡាវ-វៀតណាម ទទួលបានលទ្ធផលល្អប្រសើរ ដែលជាគុណ ប្រយោជន៍ដ៏ឧត្តុង្គឧត្តមដល់ការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងគណបក្ស និងប្រទេសទាំងពីរកម្ពុជា-វៀតណាម និងរវាងប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម។
ថ្នាក់ដឹកនាំនៃគណបក្សទាំងបីបានឯកភាពគ្នាជួបប្រជុំកំពូល នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ ២០២៦ ខាងមុខ៕






