ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា ចំណាប់ថ្នូរ ៦នាក់ដែលត្រូវបានដោះលែងដោយក្រុមហាម៉ាស់ គ្មានសុខភាពល្អទាល់តែសោះ ។
លោកនិយាយថា អ្នកមានដឹងទេ ពួកយើងមានព័ត៌មានច្រើនណាស់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ ពួកយើងមានចំណាប់ថ្នូរប្រគល់ត្រឡប់មកវិញនៅថ្ងៃនេះ ។ វាគួរឲ្យអាម៉ាស់ខ្លាំងណាស់ចំពោះអ្វីកើតឡើងនៅទីនោះ ។ អ្នកមានដឹងទេ ពួកគេគ្មានសុខភាពល្អទាល់តែសោះទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត ប៉ុន្តែពួកយើងបានមើលឃើញផងដែរថា ពួកគេគ្មានសុខភាពល្អតែម្តង តើស្ថានភាពអាក្រក់បែបណាទៅនៅទីនោះ ។
គួរឲ្យដឹងថា ក្រុមហាម៉ាស់ បានដោះលែងចំណាប់ថ្នូរ ៦នាក់ពីតំបន់ហ្កាហ្សាកាលពីថ្ងៃសៅរ៍ គឺជាចំណាប់ថ្នូរអ៊ីស្រាអែលនៅរស់ ត្រូវដោះលែងក្រោមដំណាក់កាលទី ១នៃកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយដែលបានចាប់ផ្តើមកាលពីខែមុន ។
ប៉ុន្តែរយៈពេលជាច្រើនម៉ោង ក្រោយចំណាប់ថ្នូរអ៊ីស្រាអែល ត្រូវបានប្រគល់ជូនវិញ អ៊ីស្រាអែលនៅមិនទាន់បានដោះលែងអ្នកទោស និងអ្នកជាប់ឃុំឃាំងប៉ាឡេស្ទីនជាង ៦០០នាក់នៅឡើយទេ ដែលពួកគេយល់ព្រមដោះដូរគ្នា ។
ការិយាល័យរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ពុំទាន់បានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយលើហេតុផលនៃការពន្យាពេលនេះ ៕