នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban និយាយកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែននឹងក្លាយជាតំបន់ទ្រនាប់ម្តងទៀត ហើយនិងមិនក្លាយទៅជាសមាជិករបស់សហភាពអឺរ៉ុប(EU)នោះទេ ដរាបណាការចូលរបស់ពួកគេប្រឆាំងនឹងផលប្រយោជន៍ហុងគ្រីនោះ ។
នៅក្នុងសុន្ទរកថាជាតិប្រចាំឆ្នាំ លោក Orban ដែលជាអ្នករិះគន់ជំនួយយោធាលោកខាងលិចដល់ប្រទេសជិតខាងអ៊ុយក្រែនអំឡុងការវាយលុករយៈពេលជិត ៣ឆ្នាំរបស់រុស្ស៊ីនោះ បានប្រកាសផងដែរនូវការលើកលែងពន្ធប្រាក់ចំណូលសម្រាប់ម្តាយកូន ២ ឬកូន ៣ ហើយលោកនិយាយថា លោកនឹងកំណត់អត្រាការប្រាក់កម្ចីទិញផ្ទះត្រឹម ៥ភាគរយ ចាប់ពីខែមេសាទៅ ដែលជាផ្នែកមួយនៃវិធានការពង្រឹងសេដ្ឋកិច្ចមុនការបោះឆ្នោតសកលឆ្នាំ ២០២៦ ។
ដោយកាន់អំណាចចាប់តាំងពីឆ្នាំ ២០១០រហូតមក មេដឹកនាំជើងចាស់រូបនេះ ពិបាកទាញសេដ្ឋកិច្ចហុងគ្រីចេញពីការធ្លាក់ចុះបង្កឡើងដោយអតិផរណា ក្នុងនោះតម្លៃកើនឡើងវិញនៅដើមឆ្នាំ ២០២៥ ធ្វើឲ្យស្មុគស្មាញដល់ការប៉ុនប៉ងបោះឆ្នោតឡើងវិញរបស់លោក Orban ។
លោក Orban បាននិយាយផងដែរថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនរួចរាល់ក្នុងការដាក់កំហិតលើការឡើងថ្លៃម្ហូបអាហារ លុះត្រាតែកិច្ចប្រជុំជាមួយក្រុមហ៊ុនលក់រាយជោគជ័យ ដើម្បីរក្សាតម្លៃស្ថិតក្រោមការគ្រប់គ្រងបាន ហើយលោកក៏អាចកំហិតប្រាក់ចំណេញពីការលក់រាយចំណីអាហារជាមធ្យោបាយចុងក្រោយផងដែរ ៕