រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Bruno Retailleau និយាយកាលពីថ្ងៃសៅរ៍ថា វិបល្លាសសុខភាពខួរក្បាលស្ថិតនៅក្នុងមូលហេតុដែលបណ្តាលឲ្យមានការវាយប្រហារដោយកាំបិតភេរវកម្មនៅទីក្រុង Mulhouse ដែលបានសម្លាប់មនុស្សម្នាក់ និងមនុស្ស ៣នាក់ផ្សេងទៀត រងរបួសនៅក្នុងទីក្រុងភាគខាងកើតរបស់បារាំងមួយនេះ ។
លោក Retailleau បាននិយាយប្រាប់ទូរទស្សន៍ TF1 TV រយៈពេលប៉ុន្មានម៉ោងក្រោយការវាយប្រហារថា ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះរងរបួស បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិត ។
ការិយាល័យរដ្ឋអាជ្ញាប្រឆាំងភេរវកម្មជាតិ(PNAT) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បុរសម្នាក់បានវាយប្រហារក្រុមមន្រ្តីនគរបាលក្នុងស្រុកនៅទីក្រុង Mulhouse ដោយស្រែកពាក្យ “Allahu Akbar(ព្រះដ៏អស្ចារ្យ)”កាលពីរសៀលថ្ងៃសៅរ៍ ។
ការិយាល័យរដ្ឋអាជ្ញាបន្តថា អ្នកដំណើរម្នាក់ ត្រូវបានសម្លាប់ពេលព្យាយាមចូលទៅជួយធ្វើអន្តរាគមន៍ ខណៈក្រុមមន្រ្តីនគរបាល ៣នាក់ រងរបួស ។
ពួកគេនិយាយទៀតថា ជនសង្ស័យត្រូវបានចាប់ខ្លួន ហើយពួកគេកំពុងបើកការស៊ើបអង្កេតលើមូលហេតុដែលបណ្តាលឲ្យមានការវាយប្រហារនេះ ។
ដោយឡែក ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចាត់ទុកការវាយប្រហារនេះ ថាជាទង្វើរបស់ក្រុមភេរវកម្មអ៊ិស្លាម ៕