ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា បានជួបជុំគ្នាលើកោះ Gardi Sugdub របស់ប្រទេសប៉ាណាម៉ា ស្ថិតក្នុងសមុទ្រការ៉ាអ៊ីប ដើម្បីឡើងជិះទូកវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ។
ក្រោយខកចិត្តជាខ្លាំងចំពោះគោលនយោបាយអន្តោប្រវេសន៍កាលពីពេលថ្មីៗរបស់សហរដ្ឋអាមេរិក ជនអន្តោប្រវេសន៍មួយចំនួន បានសម្រេចចិត្តវិលត្រឡប់ទៅកាន់ប្រទេសវេណេស៊ុយអេឡាវិញ ។
លោក Rene Gonzalez គឺជាជនអន្តោប្រវេសន៍វ័យ ៣៣ឆ្នាំមួយរូប បានបង្ហាញពីបំណងរបស់លោកវិលត្រឡប់ទៅផ្ទះវិញ ពេលដែលលោកយល់ឃើញថា លោកមិនអាចរស់នៅក្នុងបណ្តាលប្រទេសនៅអាមេរកណ្តាលផ្សេងទៀតនោះទេ ។
ក្រុមជនអន្តោប្រវេសន៍ទាំងនេះ ចាប់ផ្តើមធ្វើដំណើរចេញពីតំបន់ឆ្នេរសមុទ្រអាត្លង់ទិករបស់ប្រទេសប៉ាណាម៉ា ទៅកាន់កំពង់ផែ La Miel ស្ថិតនៅជិតព្រំដែនកូឡុំប៊ី រួចបន្តដំណើរទៅកាន់ភាគខាងត្បូងឆ្ពោះទៅកាន់ប្រទេសវេណេស៊ុយអេឡា ។
ស្របពេលដែលប៉ាណាម៉ា និងវេណេស៊ុយអេឡា ពុំបានរក្សាទំនាក់ទំនងការទូត ពលរដ្ឋវេណេស៊ុយអេឡានៅក្នុងប្រទេសប៉ាណាម៉ា មិនអាចរកបានអត្ថប្រយោជន៍ណាមួយពីកម្មវិធីធ្វើមាតុភូមិនិវត្តន៍នោះទេ ហើយពួកគេគឺជាអ្នកសម្រេចជោគវាសនារបស់ខ្លួនឯង បើសិនជាពួកគេចង់វិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ៕