ប្រជាជនអាល្លឺម៉ង់ កំពុងចេញទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតថ្នាក់ជាតិមួយនៅថ្ងៃអាទិត្យ (២៣ កុម្ភៈ) នេះ ដែលត្រូវបានគេរំពឹងថានឹងមើលឃើញក្រុមអភិរក្សនិយមរបស់លោក Friedrich Merz ទទួលបានអំណាចឡើងវិញ ហើយបក្សស្តាំនិយមជ្រុល ជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ (AfD) ទទួលបានលទ្ធផលល្អបំផុតដែលមិនធ្លាប់មាន ខណៈប្រទេសមហាអំណាចសេដ្ឋកិច្ចអឺរ៉ុបដែលកំពុងរងគ្រោះមួយនេះ មានទំនោរទៅខាងស្ដាំនិយម។
ប្លុកអភិរក្សនិយម CDU/CSU របស់លោក Merz បាននាំមុខក្នុងការស្ទង់មតិយ៉ាងជាប់លាប់ ប៉ុន្តែទំនងជាមិនឈ្នះសំឡេងភាគច្រើនដាច់ទេ ព្រោះតែទិដ្ឋភាពនយោបាយដ៏បែកបាក់របស់អាល្លឺម៉ង់ ដោយបង្ខំឱ្យសភាត្រូវការរកសំឡេងដៃគូចម្រុះ។

ការចរចាក្រុមចម្រុះទាំងនោះត្រូវបានគេរំពឹងថានឹងលំបាកខ្លាំង បន្ទាប់ពីយុទ្ធនាការមួយដែលលាតត្រដាងការខ្វែងគំនិតយ៉ាងជ្រៅ ជុំវិញអន្តោប្រវេសន៍ និងរបៀបដោះស្រាយជាមួយក្រុមស្ដាំនិយមជ្រុល AfD នៅក្នុងប្រទេសមួយដែលនយោបាយស្តាំនិយមជ្រុលនាំមកនូវការមាក់ងាយយ៉ាងខ្លាំង ដោយសារតែអតីតកាលរបស់របបណាហ្ស៊ី។
ការបោះឆ្នោតបើកនៅម៉ោង ៨ព្រឹក និងបិទនៅម៉ោង ៦ល្ងាច (ម៉ោងក្នុងស្រុក) ថ្ងៃអាទិត្យនេះ ហើយលទ្ធផលផ្លូវការចុងក្រោយត្រូវបានរំពឹងទុកនៅព្រឹកថ្ងៃចន្ទ ២៤ កុម្ភៈ ស្អែកនេះ។ បេក្ខជន ៤នាក់កំពុងឈរឈ្មោះជាមេដឹកនាំបន្ទាប់របស់អាល្លឺម៉ង់។
យ៉ាងហោចណាស់ពលរដ្ឋ ៥៩,២លាននាក់ ក្នុងចំណោមប្រជាជនសរុប ៨៤លាននាក់ មានសិទ្ធិបោះឆ្នោតជ្រើសរើស ប៊ុនដេស្ថេក (Bundestag) ថ្មី ឬហៅថាសភាជាន់ទាប។ បន្ទាប់មក សភា Bundestag ដែលមានសមាជិក ៦៣០អាសនៈនេះ នឹងជ្រើសរើសអធិការបតីបន្ទាប់ ដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រីរបស់អាល្លឺម៉ង់៕


