អ្នកចរចារបស់សហរដ្ឋអាមេរិក ដែលកំពុងជំរុញទីក្រុងគីវ ឱ្យអនុញ្ញាតលើការចូលទៅកាន់រ៉ែកម្រដ៏សំខាន់របស់អ៊ុយក្រែន បានលើកឡើងពីលទ្ធភាពនៃការកាត់ផ្តាច់ការចូលដំណើរការរបស់ប្រទេសនេះទៅកាន់ប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink ដ៏សំខាន់របស់មហាសេដ្ឋី Elon Musk នេះបើយោងតាមប្រភពបីដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រ។
ប្រភពនិយាយថា ការបន្តចូលដំណើរការរបស់អ៊ុយក្រែន ទៅកាន់ប្រព័ន្ធ Starlink ដែលគ្រប់គ្រងដោយក្រុមហ៊ុន SpaceX ត្រូវបានលើកឡើងជាញឹកញាប់នៅក្នុងកិច្ចពិភាក្សារវាងមន្ត្រីសហរដ្ឋអាមេរិក និងអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបដិសេធសំណើដំបូងពីប្រធានរតនាគារអាមេរិក លោក Scott Bessent។

គួរបញ្ជាក់ថា ប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink ផ្តល់ការតភ្ជាប់អ៊ីធឺណិតដ៏សំខាន់ទៅកាន់អ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម និងផ្គត់ផ្គង់បណ្ដាញដល់យោធារបស់ខ្លួន។
លោក Zelenskiy បានច្រានចោលការទាមទារពីរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ទឹកប្រាក់ ៥០០ពាន់លានដុល្លារ នៃទ្រព្យសម្បត្តិរ៉ែកម្រពីអ៊ុយក្រែន ដើម្បីសងទីក្រុងវ៉ាស៊ីនតោន សម្រាប់ជំនួយក្នុងសម័យសង្គ្រាម ដោយនិយាយថា សហរដ្ឋអាមេរិក មិនបានផ្តល់ការធានាសុវត្ថិភាពជាក់លាក់ណាមួយឡើយ៕


