ប្រធានាធិបតីបុតស្វាណា លោក Duma Boko បាននិយាយកាលពីថ្ងៃសៅរ៍ (២២ កុម្ភៈ) ថា ទឹកជំនន់យ៉ាងគំហុកនៅទូទាំងប្រទេស បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ រួមទាំងកុមារ ៣នាក់ និងបានជម្លៀសមនុស្សរាប់ពាន់នាក់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។ អាជ្ញាធរបានបិទសាលារៀនជាបណ្ដោះអាសន្ន និងបិទផ្លូវ បន្ទាប់ពីមានភ្លៀងធ្លាក់ជាងមួយសប្តាហ៍។

លោក Boko បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា "អាជ្ញាធរបុតស្វាណា នឹងបន្តធ្វើការក្នុងរយៈពេលខ្លីដើម្បីកាត់បន្ថយការខាតបង់បន្ថែមទៀត" ខណៈមនុស្សជាង ១.៧០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ដែលរងគ្រោះដោយទឹកជំនន់។
នៅក្នុងរដ្ឋធានីហ្កាបូរ៉ូន ជាទីដែលទំនប់ទឹកក្នុងតំបន់បានជន់លិច រថយន្តត្រូវបានទឹកហូរនាំទៅឆ្ងាយ ហើយលំនៅឋានបានលិចលង់ ខណៈបុគ្គលិកសង្គ្រោះបន្ទាន់បានត្រៀមទប់ទល់ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានលើកឡើងថា ការបង្ហូរទឹកមិនគ្រប់គ្រាន់នៅក្នុងតំបន់ទីក្រុង អាចរួមចំណែកដល់ទឹកជោរជន់ហួសកម្រិតនៅតំបន់ទំនាប ដែលរងគ្រោះខ្លាំងជាងគេ៕

