មនុស្សម្នារាប់ពាន់នាក់ ដែលរួមមានចៅក្រម បុគ្គលិកតុលាការ និងអ្នកគាំទ្ររបស់ពួកគេនៅប្រទេសហុងគ្រី បានដើរដង្ហែតវ៉ាទៅកាន់ក្រសួងយុត្តិធម៌នៅទីក្រុងប៊ុយដាប៉ែស កាលពីថ្ងៃសៅរ៍ (២២ កុម្ភៈ) ដោយទាមទារឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ សេរីភាពនៃការបញ្ចេញមតិសម្រាប់ចៅក្រម និងប្រាក់ឈ្នួលកាន់តែប្រសើរសម្រាប់បុគ្គលិក។

ឯករាជ្យភាពនៃតុលាការរបស់ប្រទេសហុងគ្រី គឺជាបញ្ហាដ៏ចម្រូងចម្រាស ដែលបណ្តាលឱ្យមានការបែកបាក់រវាងរដ្ឋាភិបាលជាតិនិយមរបស់លោកនាយករដ្ឋមន្ត្រី Viktor Orban និងសហភាពអឺរ៉ុប។
ក្រុមចៅក្រមបានចាប់ផ្តើមសម្តែងការមិនសប្បាយចិត្តកាលពីខែវិច្ឆិកា នៅពេលកិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខារវាងរដ្ឋាភិបាល និងស្ថាប័នតំណាងតុលាការសំខាន់ៗចំនួន៣ ដែលភ្ជាប់ការដំឡើងប្រាក់ខែទៅនឹងកំណែទម្រង់ទូលំទូលាយ។
អ្នករិះគន់បានអះអាងថា ក្រុមប្រឹក្សាតុលាការជាតិ ដែលជាស្ថាប័នឯករាជ្យមានសមត្ថភាពផ្នែកច្បាប់ និងស្វ័យភាពនៃថវិកា ត្រូវបានរងសម្ពាធហួសហេតុ ឱ្យចុះហត្ថលេខាលើឯកសារនេះយ៉ាងប្រញាប់ និងសម្ងាត់ ដោយគ្មានការពិគ្រោះយោបល់ត្រឹមត្រូវ។ ក្រុមបាតុករក៏បានទាមទារសិទ្ធិបន្ថែមសម្រាប់ចៅក្រមក្នុងការសម្តែងការមិនពេញចិត្តរបស់ពួកគេ និងបានអំពាវនាវឱ្យដំឡើងប្រាក់ឈ្នួលខ្ពស់ ដោយសារតែការផ្លាស់ប្តូរបុគ្គលិកតុលាការនៅកណ្តាលប្រទេសហុងគ្រី និងទីក្រុងប៊ុយដាប៉ែស៕


