ក្រុមហាម៉ាស បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថាលេងល្បិចកខ្វក់ និងបានបំផ្លិចបំផ្លាញកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដោយនិយាយថារដ្ឋាភិបាលអ៊ីស្រាអែល មិនចូលរួមក្នុងការចរចាសម្រាប់ដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀង ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី០១ ខែមីនា ខាងមុខនេះទេ។
សមាជិកជាន់ខ្ពស់នៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាសបានប្រាប់សារព័ត៌មាន Al Jazeera កាលពីថ្ងៃសៅរ៍ (២២ កុម្ភៈ) ថា "ការពន្យារពេលនានាគឺជាល្បិចកខ្វក់ពីរដ្ឋាភិបាលស្តាំនិយមអ៊ីស្រាអែល ដើម្បីបំផ្លិចបំផ្លាញ និងធ្វើឱ្យខូចដល់កិច្ចព្រមព្រៀង ដែលមានបំណងត្រឡប់ទៅធ្វើសង្រ្គាមវិញ"។

ទោះបីជាព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងដំណាក់កាលទី២ និងទី៣ ត្រូវគេគិតបានយល់ព្រមជាគោលការណ៍ក៏ដោយ ប៉ុន្តែដំណាក់កាលបន្ទាប់នីមួយៗត្រូវតែចរចានៅក្នុងដំណាក់កាលដំបូងរយៈពេល ៦សប្តាហ៍ ដែលបានមើលឃើញការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដោះដូរនឹងអ្នកទោសប៉ាឡេស្ទីន ការដកទ័ពអ៊ីស្រាអែលមួយផ្នែកចេញពីតំបន់ហ្កាហ្សា និងការបញ្ជូនជំនួយចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធនោះ។
តាមកិច្ចព្រមព្រៀងដែលបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមករា បានឱ្យដឹងថា ប្រសិនបើដំណាក់កាលទីពីរត្រូវបានយល់ព្រម នោះនឹងមើលឃើញការដោះលែងចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលទាំងអស់ និងមានបទឈប់បាញ់ជាអចិន្ត្រៃយ៍៕


