ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ បានរាយការណ៍នៅថ្ងៃអាទិត្យ (២៣ កុម្ភៈ) នេះថា ប្រទេសចិន បានបំបែកកំណត់ត្រានៃការធ្វើដំណើរក្នុងស្រុកចំនួន ៩,០២ពាន់លានដំណើរ ក្នុងអំឡុងពេលនៃការធ្វើដំណើររយៈពេល ៤០ថ្ងៃ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលជាតួលេខដ៏ខ្ពស់លើសពីការធ្វើដំណើរចំនួន ៨,៤ពាន់លាន ដែលបានធ្វើឡើងក្នុងរយៈពេលថ្ងៃឈប់សម្រាកដូចគ្នានេះកាលពីឆ្នាំមុន។

ការប្រញាប់ប្រញាល់ធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ចិន ត្រូវបានបកស្រាយជារង្វាស់សម្រាប់សុខភាពសេដ្ឋកិច្ចរបស់ខ្លួន និងជាការធ្វើតេស្តសម្ពាធសម្រាប់ប្រព័ន្ធដឹកជញ្ជូនដ៏ធំរបស់ប្រទេសនេះ។
សារព័ត៌មានស៊ីនហួបានរាយការណ៍ថា ការធ្វើដំណើរតាមរថភ្លើងចំនួន ៥១៣លានដំណើរ ត្រូវបានធ្វើឡើងក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន ឬនៅក្នុងប្រទេសចិនហៅថាបុណ្យនិទាឃរដូវ ដោយកើនឡើង ៦,១% កាលពីឆ្នាំមុន ខណៈអ្នកដំណើរ ៩០,២លាននាក់ បានធ្វើដំណើរតាមអាកាស ជាកំណើន ៧,៤%។
តួលេខប្រចាំឆ្នាំនៃការធ្វើដំណើរអំឡុងពេលការរួសរាន់ធ្វើដំណើរប្រចាំឆ្នាំនេះ បានកើនឡើងចាប់តាំងពីក្រសួងដឹកជញ្ជូនបានកែសម្រួលការកត់ត្រារបស់ខ្លួនមុនបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៣ ដោយរួមបញ្ចូលការធ្វើដំណើរតាមផ្លូវដោយខ្លួនឯងនៅលើផ្លូវជាតិសំខាន់ៗជាច្រើន៕


