ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសៅរ៍ (២២ កុម្ភៈ) បាននិយាយថា លោកកំពុងព្យាយាមយកការតបស្នងមកវិញសម្រាប់ប្រាក់រាប់ពាន់លានដុល្លារដែលបានផ្ញើទៅគាំទ្រសង្គ្រាមអ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ី ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន ជិតទទួលបានកិច្ចព្រមព្រៀងមួយជាមួយទីក្រុងគីវ លើការចែករំលែកប្រាក់ចំណូលពីរ៉ែកម្រអ៊ុយក្រែន ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម។
ការអត្ថាធិប្បាយរបស់មេដឹកនាំអាមរិករូបនេះ បានកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគីវ កំពុងចរចារកិច្ចព្រមព្រៀងធនធានរ៉ែដែលលោក Trump ចង់បានជាសំណងសម្រាប់ជំនួយក្នុងសម័យសង្រ្គាម ដែលផ្គត់ផ្គង់ដោយលោកអតីតប្រធានាធិបតី Joe Biden ទៅឱ្យអ៊ុយក្រែន។

នេះគឺជាស្ថានភាពប្រទាក់ក្រឡាចុងក្រោយបំផុតនៅក្នុងខែដំបូងចាប់តាំងពីលោកចូលកាន់តំណែង ក្នុងអំឡុងពេលដែលលោកគាំទ្រគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដោយការធ្វើឱ្យមានការទូតល្អចំពោះវិមានក្រឹមឡាំង ដែលមិនរួមបញ្ជូលអ៊ុយក្រែន និងអឺរ៉ុប។
ប្រភពមួយបានប្រាប់សារព័ត៌មាន AFP ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky "មិនទាន់ត្រៀមខ្លួនរួចរាល់" ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែបនេះទេ ទោះបីជាមានសម្ពាធកើនឡើងពីសហរដ្ឋអាមេរិកក៏ដោយ៕


