ជាមួយនឹងសវនាការលើកទី១១ នៃការកាត់ទោសចោទប្រកាន់ទម្លាក់តំណែងលើប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeok បានកំណត់ទុកសម្រាប់ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ខាងមុខនេះ ភាគីទាំងពីរកំពុងរៀបចំសេចក្តីថ្លែងការណ៍ដែលបញ្ជាក់ពីអំណះអំណាងរៀងៗខ្លួនលើបទបះបោរ និងការចោទប្រកាន់ពីបទរំលោភអំណាច។
តំណាងផ្លូវច្បាប់នៃរដ្ឋសភា - ដែលបានអនុម័តសេចក្ដីសម្រេចនៃការចោទប្រកាន់ទម្លាក់តំណែងរបស់លោក Yoon កាលពីខែធ្នូ - បានបើកកិច្ចប្រជុំកាលពីថ្ងៃសៅរ៍ (២២ កុម្ភៈ) ដើម្បីពិភាក្សាពីយុទ្ធសាស្ត្រសម្រាប់សវនាការនាពេលខាងមុខ ដោយផ្តោតលើអ្វីដែលពួកគេនិយាយថាជាភាពខុសច្បាប់ និងអធម្មនុញ្ញនៃការប្រកាសច្បាប់អាជ្ញាសឹកថ្ងៃទី០៣ ខែធ្នូ និងបទបញ្ជាដែលធ្វើឡើងដោយលោក Yoon នៅក្នុងដំណើរការនេះ។

ចំណែកខាងលោក Yoon វិញបន្តអះអាងថា ការប្រកាសច្បាប់អាជ្ញាសឹកគឺស្ថិតក្នុងសិទ្ធិប្រធានាធិបតីរបស់លោក ដែលត្រូវបានប្រកាសថាជា «ការព្រមាន» ដល់ក្រុមប្រឆាំង។ ក្រុមអ្នកច្បាប់របស់លោក Yoon លើកឡើងថា ការចោទប្រកាន់ទម្លាក់តំណែងជាបន្តបន្ទាប់ដោយសភាដែលគ្រប់គ្រងដោយបក្សប្រឆាំង និងការកែសម្រួលថវិការដ្ឋ បានរុញច្រានប្រទេសឱ្យឈានដល់ភាពអាសន្នជាតិ។
តុលាការកំពុងពិនិត្យមើលញត្តិចោទប្រកាន់ទម្លាក់តំណែងរបស់សភាលើលោក Yoon នៅថ្ងៃទី១៤ ខែធ្នូ ហើយនឹងសម្រេចថា តើត្រូវដកលោកចេញពីតំណែងជាអចិន្ត្រៃយ៍ ឬដាក់ឱ្យកាន់អំណាចឡើងវិញ។ ប្រសិនបើលោកត្រូវដកចេញ ការបោះឆ្នោតប្រធានាធិបតីថ្មីត្រូវតែធ្វើឡើងក្នុងរយៈពេល ៦០ថ្ងៃ៕

